(វ៉ាស៊ីនតោន)៖ ក្រុមអ្នកនយោបាយអភិរក្សនិយមអាមេរិក កំពុងចោទសួរខ្លួនឯងពាក់ព័ន្ធនឹងបេក្ខជន ដែលអាចកាន់តំណែងជាប្រធានាធិបតីអាមេរិកជំនួស លោក ដូណាល់ ត្រាំ នៅក្នុងករណីលោកត្រូវទម្លាក់ចេញតំណែង ខណៈការស្ទង់មតិបង្ហាញថា ប្រជាពលរដ្ឋអាមេរិក ៤៨ភាគរយ ចង់ដកលោក ត្រាំ ចេញពីតំណែងរីឯអនុប្រធានាធិបតី លោក Mike Pence គឺជាជម្រើសដ៏ល្អបំផុត។ នេះបើតាមការផ្សាយនៃសារព័ត៌មាននយោបាយដ៏ល្បីរបស់អាមេរិក «Politico» ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧។
គំនិតចង់ទម្លាក់ លោក ដូណាល់ ត្រាំ ចេញពីតំណែងកើតមានឡើង បន្ទាប់ពីបែកធ្លាយរឿងអាស្រូវថា ប្រធានាធិបតីអាមេរិករូបនេះ បានចែក រំលែកព័ត៌មានសម្ងាត់ជាតិជាមួយរុស្ស៊ី ព្រមទំាងបានលូកដៃរារាំងដល់ការស៊ើបអង្កេត លើទំនាក់ទំនងរវាងអតីតទីប្រឹក្សាសន្តិសុខជាតិរបស់ លោក គឺលោក Michael Flynn ជាមួយទីក្រុងម៉ូស្គូ។ ដោយឡែកកាលពីថ្ងៃព្រហស្បតិ៍ សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ លោក Al Green បាននិយាយចំៗតែម្ដង នៅចំពោះមុខសភាថា លោក ដូណាល់ ត្រាំ គួរតែត្រូវទម្លាក់ចេញពីតំណែង សម្រាប់ការរារាំងដល់ការស៊ើប អង្កេតជុំវិញការជ្រៀតជ្រែករបស់រុស្ស៊ី ក្នុងកិច្ចការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦។
ជាងនេះទៅទៀត សារព័ត៌មាន Politico ក៏បានអះអាងដែរថា ក្រុមអ្នកសាធារណៈរដ្ឋភាគច្រើនចង់ឱ្យសេតវិមានដឹកនាំដោយ លោក Mike Pence ជាជាងលោក ដូណាល់ ត្រាំ ត្បិតពួកគេមានការហត់នឿយក្នុងការពារលោក ត្រំា និងព្រួយបារម្ភពីអាក្បកិរិយារបស់លោក នៅក្នុងការបំពេញតួនាទីជាប្រមុខរដ្ឋ។
គួររំលឹកថា កាលពីអំឡុងយុទ្ធនាការបោះឆ្នោត ពោលគឺនៅក្រោយពេលកាសែត Washington Post ចេញផ្សាយវីដេអូឃ្លីប ដែលក្នុងនោះ លោក ត្រាំ បានប្រើពាក្យមិនគួរគប្បីលើស្រ្តីម្នាក់ វាបានធ្វើឱ្យថ្នាក់ដឹកនាំគណបក្សសាធារណរដ្ឋជាច្រើនមិនពេញចិត្តជាខ្លាំង រហូតដល់មានអ្នកខ្លះ អំពាវនាវកុំបោះឆ្នោតឱ្យរូបលោក ហើយខ្លះទៀតចង់ឱ្យ លោក Mike Pence ក្លាយជាបេក្ខភាពប្រធានាធិបតីជំនួស លោក ត្រាំ ទៀតផង។ ទោះបីយ៉ាងណាក៏ដោយ ការចង់ទម្លាក់លោក ត្រាំ ពីតំណែងមិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះការធ្វើបែបនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់មុខ មាត់គណបក្សសាធារណៈរដ្ឋទំាងមូល សម្រាប់ការបោះឆ្នោតនៅអាណត្តិបន្ទាប់៕