(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា បើទោះជាសហភាពអឺរ៉ុប នាំគ្នាដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីក៏ដោយ ក៏រុស្ស៊ីនៅតែជាដៃគូរពាណិជ្ជកម្មដ៏ធំសម្រាប់ប្រទេសអ៊ីតាលី និងអ្នកជំនួញអ៊ីតាលី ដែលកំពុងរកស៊ីនៅក្នុងប្រទេសរុស្ស៊ី ខណៈគ្រប់គ្នាមើលឃើញថា ទណ្ឌកម្មដែលអ៊ីតាលីចូលរួមជាមួយសហភាពអឺរ៉ុប ដាក់ទៅលើរុស្ស៊ីកន្លងទៅនោះ បែរជាធ្វើបាបសេដ្ឋកិច្ចប្រទេសខ្លួនឯងទៅវិញទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់ លោក ពូទីន ធ្វើឡើងនៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Paolo Gentiloni នៅក្នុងទីក្រុង Sochi កាលពី ថ្ងៃពុធកន្លងទៅ។ ព្រមពេលជាមួយគ្នាលោក Gentiloni ក៏បានលើកឡើងដែរថា អ្នកជំនួញអ៊ីតាលីចាប់អារម្មណ៍លើទីផ្សាររុស្ស៊ី ហើយថាតាម រយៈទំនាក់ទំនងពាណិជ្ជកម្មនេះ ទំនាក់ទំនងរវាងប្រទេសទំាងពីរនឹងល្អប្រសើរឡើងវិញ។ រីឯក្រុមអ្នកជំនាញមួយចំនួនយល់ថា សេដ្ឋកិច្ចអ៊ីតាលីនៅតែពឹងផ្អែកលើរុស្ស៊ី។
ជាក់ស្ដែងអ្នកសារព័ត៌មានអ៊ីតាលី លោក Gennaro Sangiuliano បានគូសបញ្ជាក់ថា អ៊ីតាលី នៅតែពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ី ក៏ដូចជាមានបំណងត្រឡប់មកកាន់ទីផ្សាររុស្ស៊ីវិញ។ មួយវិញទៀត អ៊ីតាលីសង្ឃឹមថា អាចនឹងដើរតួនាទីក្នុងការផ្សះផ្សាឡើងវិញ នូវទំនាក់ទំនងរវាងអឺរ៉ុប និងរុស្ស៊ី។ ក៏ប៉ុន្តែ ការបង្ហាញឆន្ទៈបែបនេះ ត្រូវបានគេមើលឃើញថា អ៊ីតាលីបានដឹងខ្លួនឯងថា ពុំមានទឹកមាត់ប្រៃនៅ ក្នុងចំណោមបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបទៀតឡើយ បន្ទាប់ពីអាល្លឺម៉ង់ និងបារាំង ពង្រឹងសម្ព័ន្ធភាពជាមួយគ្នាក្នុងនាមជាក្បាលម៉ាស៊ីនដឹកនាំអឺរ៉ុប ចំពេលអ៊ីតាលីផ្ទាល់កំពុងជួបវិបត្តិសេដ្ឋកិច្ច។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងរុស្ស៊ីមានភាពតានតឹងនឹងគ្នាដោយសារតែជម្លោះនៅភាគខាងកើតប្រទេសអ៊ុយក្រែន និងតំបន់គ្រីមៀ ហើយជាការឆ្លើយតប សហភាពអឺរ៉ុបបានសម្រេចចិត្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួនលើទីក្រុងម៉ូស្គូ ដោយចោទថា រុស្ស៊ីបានលូកដៃចូលក្នុងជម្លោះទំាងនេះ។ ប៉ុន្តែការសម្រេចចិត្ត ក៏បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច នៃបណ្ដាប្រទេសជាច្រើននៅអឺរ៉ុបផងដែរ ដែលត្រូវការឧស្ម័នពីរុស្ស៊ី ដូចជាអ៊ីតាលី៕