(សេអ៊ូល)៖ យោងតាមការស្ទាបស្ទង់មតិមួយ បង្ហាញឲ្យឃើញនៅថ្ងៃសុក្រនេះថា ប្រជាពលរដ្ឋកូរ៉េខាងត្បូងចំនួន០៩នាក់ ក្នុងចំណោម១០នាក់បានផ្តល់ទស្សនៈប្រកដដោយសុទិដ្ឋិនិយមខ្ពស់ ចំពោះរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក មូន ចែអ៊ីន ខណៈដែលសារព័ត៌មានមួយចំនួនបានចាត់ត្រកូល និងរូបលោក មូន (Moon) ជាព្រះច័ន្ទរះនៅទិសខាងកើត (កូរ៉េខាងត្បូងស្ថិតនៅតំបន់អាស៊ីខាងកើត)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧។
យោងតាមលទ្ធផលនៃការស្ទង់មតិរបស់ Gallup Korea អ្នកចូលរួម ៨៧ភាគរយ បានព្យាករណ៍ថា ប្រធានាធិបតីលោក មូន នឹងធ្វើការបំពេញភារៈកិច្ចបានយ៉ាងល្អ ក្នុងការគ្រប់គ្រងកិច្ចការនានារបស់ប្រទេសជាតិ នៅអំឡុងអាណត្តិកាន់អំណាចរយៈពេល ០៥ឆ្នាំ របស់លោក។ ចំណែកឯប្រជាជន ០៧ភាគរយ ផ្សេងទៀតបានបង្ហាញទស្សនៈអវិជ្ជមាន និង ០៦ភាគរយ ដែលនៅសេសសល់ពុំមានការឆ្លើយតបអ្វីទាំងអស់។
គួរបញ្ជាក់ថា លទ្ធផលខាងលើនេះទទួលបាន ដោយផ្អែកលើអ្នកចូលរួមចំនួន ១,០០៤នាក់ ធ្វើឡើងចាប់ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ដោយឡែកនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីថ្ងៃទី០៩ ខែឧសភាថ្មីៗនេះ គណបក្សប្រជាធិបតេយ្យរបស់លោក មូន ទទួលបានសំឡេងគាំទ្រ ៤៨ភាគរយ ដែលជាអត្រាខ្ពស់បំផុត គិតចាប់តាំងតែពីពេលដែលគណបក្សនេះ ត្រូវបានបង្កើតឡើង។
គ្រប់គ្នាបានដឹងថា លោក មូន ជាមនុស្សមានសុទិដ្ឋិនិយមខ្ពស់ខាងបង្កើតសន្តិភាពជាមួយអ្នកជិតខាង ជាពិសេសជាមួយកូរ៉េខាងជើង និងចិន ដែលកាលពីក្នុងរដ្ឋបាលលោកស្រី ផាក គឺនហេ ទំនាក់ទំនងរវាងប្រទេសទាំងបីនេះ ស្ទើរតែបែកប្រេះស្រាំ ហើយក៏ងាយនឹងផ្ទុះសង្គ្រាមជាមួយនឹង កូរ៉េខាងជើងផងដែរ៕