(វ៉ាស៊ីនតោន)៖ ក្រសួងរតនាគារជាតិអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានសម្រេចចិត្តដាក់ទណ្ឌកម្ម លើចៅក្រមតុលាការកំពូលវេណេស៊ុយអេឡាចំនួន ០៨រូប ដោយចោទប្រកាន់មន្ត្រីទាំងនោះថា បានរំលោភលើច្បាប់ ក្នុងតំបន់អាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងរតនាគារជាតិអាមេរិក បានបញ្ជាក់យ៉ាងដូច្នេះថា «សមាជិកចៅក្រមតុលាការកំពូលវេណេស៊ុយអេឡា បានបណ្ដាយឱ្យស្ថាប័ននីតិប្រតិបត្តិ (រដ្ឋាភិបាល) ដាក់ប្រទេសក្នុងគ្រាអាសន្នតាមទំនើងចិត្ត ដោយរំលោភ និងដាក់កំហិតយ៉ាងធ្ងន់ធ្ងរលើ សិទ្ធិប្រជាជនវេណេស៊ុយអេឡា... ហើយផ្អែកលើសកម្មភាពបែបនេះ សហរដ្ឋអាមេរិក សម្រេចចិត្តបង្កកទ្រព្យសម្បតិ្តពួកគេនៅសហរដ្ឋអាមេរិក ហើយហាមឃាត់ពលរដ្ឋអាមេរិកមិនឱ្យចូលរួម ឬចុះកិច្ចព្រមព្រៀងជាមួយនឹងពួកគេ»។
គួរបញ្ជាក់ថា ប្រទេសវេណេស៊ុយអេឡា បាននិងកំពុងញាំញីដោយសារបាតុកមម្មតវ៉ាប្រឆាំងរដ្ឋាភិបាល ចាប់តំាងពីមេសាមកម្លេះ ដោយគិតមកទល់ពេលនេះ មនុស្ស៤៣នាក់ហើយបានស្លាប់, ៦០០នាក់រងរបួស និងជិត១,០០០នាក់ត្រូវបានចាប់ខ្លួន៕