(សេអ៊ូល)៖ កងទ័ពជើងទឹកអាមេរិកនៅថ្ងៃសុក្រនេះ​បានអះអាងថា នាវាផ្ទុកយន្ដហោះចម្បាំង​ពីរគ្រឿង​របស់ខ្លួន កំពុងធ្វើប្រតិបត្តិការល្បាត នៅតំបន់ប៉ាស៊ីហ្វិកខាងលិច (ក្បែរឧបទ្វីបកូរ៉េ) ខណៈស្ថានភាព​នៅឧបទ្វីបកូរ៉េនៅតែ​បន្តតានតឹង ដោយសារសកម្មភាព​បង្ករឿងបាញ់សាកល្បងមីស៊ីល ពីសំណាក់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧។

យោងតាមកងទ័ព​ជើងទឹកអាមេរិក នាវាផ្ទុក​យន្ដហោះ​ចម្បាំង USS Ronald Reagan និង Air Wing Five កំពុងដឹកនាំប្រតិបត្តិការ​ល្បាត នៅតំបន់ប៉ាស៊ីហ្វិក​ខាងលិច។ ព្រមពេលជាមួយគ្នា​ នាវាផ្ទុកយន្ដហោះចម្បាំង USS Carl Vinson ក៏បាននិងកំពុងធ្វើប្រតិបត្តិការ​នៅតំបន់ដែនទឹក ក្បែរឧបទ្វីប​កូរ៉េផងដែរ ចាប់តាំងពី​ខែឧសភាមកម្លេះ ដើម្បីឃ្លំាមើលសកម្មភាពកូរ៉េខាងជើង ហើយគ្រោងនឹង​បញ្ចប់បេសកកម្មនៅចុង ខែមិថុនា។ ទន្ទឹមគ្នានេះក្រុមមន្ត្រីកូរ៉េខាងត្បូង​បានឱ្យដឹងថា នាវាផ្ទុក​យន្ដហោះចម្បាំង USS Ronald Reagan និង Air Wing Five អាច​នឹងចូលរួមធ្វើសមយុទ្ធយោធា​រួមគ្នា ជាមួយកងទ័ពជើងទឹក​កូរ៉េខាងត្បូង នៅឯតំបន់​សមុទ្រជប៉ុន ឬសមុទ្រខាងកើត​នៅដើមខែមិថុនានេះ។

គួរបញ្ជាក់ថា បើតាមមន្ត្រីយោធា​កូរ៉េខាងត្បូង កូរ៉េខាងជើង​បានត្រៀមខ្លួនរួចហើយ ក្នុងការបំផ្ទុះសាកល្បង​ក្បាលគ្រាប់នុយក្លេអ៊ែរ​ជាលើកទី០៦ ក៏ដូចជាបាញ់គ្រាប់រ៉ុក្កែត​ចំងាយឆ្ងាយ​ នាពេលអានាគតដ៏ខ្លី​ខាងមុខនេះ៕