(ប៉ារីស)៖ ការកើនឡើងកម្តៅនៃពិភពលោក ពិតជាអាក្រក់ខ្លាំងលើសការរំពឹងទុកទៅទៀត ដោយអ្នកជំនាញបានព្រមានថា បើនៅតែបន្តស្ថានភាពដូចពេលបច្ចុប្បន្ននេះទៅមុខទៀត កម្រិតនីវ៉ូទឹកសមុទ្រនឹងកើនឡើង ហើយទីក្រុងជាប់សមុទ្រ និងតំបន់ឆ្នេរនានានឹងរងការជន់លិចខ្លាំងលើសមុនទ្វេដងទៅទៀត។ នេះបើតាមការដកស្រង់ការផ្សាយពី Channel News Asia នារសៀលថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧។
ការកើនឡើងនៃកម្ពស់ទឹកសមុទ្រពី ១០ ទៅ ២០សង់ទីម៉ែត្ររហូតដល់ឆ្នាំ២០៥០នោះ វានឹងធ្វើឲ្យតំបន់ជាច្រើនលើភពផែនដីប្រឈមមុខនឹងការលិចលង់ខ្លាំង លើសការព្យាករណ៍លើកមុនទ្វេដងឯណោះ។ ទីក្រុងធំៗជាច្រើននៅតំបន់អាមេរិកខាងជើងដូចជា Vancouver, Seattle, San Francisco and Los Angeles និងទីក្រុងមួយចំនួនទៀតនៅតំបន់អឺរ៉ុបខាងលិច ជាប់សមុទ្រអាត្លង់ទិក នឹងទទួលរងគ្រោះដោយទឹកជំនន់ខ្លាំងមុនគេ។
សម្រាប់មហន្តរាយជាបន្តបន្ទាប់ទៀត នឹងកើតឡើងទៅលើទីក្រុងនៃតំបន់ត្រូពិក ក្នុងនោះគឺទន្លេជាច្រើននៃទីក្រុងដែលមាន ប្រជាជនរស់នៅច្រើននៅទ្វីបអាស៊ី និងអាហ្វ្រិក នឹងទទួលរងគ្រោះនៅប៉ុន្មានទសវត្សរ៍ទៅមុខទៀតប៉ុណ្ណោះ។ ទោះបីជាទឹកសមុទ្រអាចមានការកើនឡើងនូវនីវ៉ូទាបជាការរំពឹងទុកក្តី ក៏ទីក្រុងមួយចំនួនទៀតដូចជា Mumbai, Kochi និង Abidjan ជាដើមនៅតែនឹងទទួលរងគ្រោះដដែលពីទឹកជំនន់។
គួរបញ្ជាក់ថា តាមការសិក្សារបស់អ្នកជំនាញសកល ទឹកជំនន់ដែលបង្កឡើងដោយនីវ៉ូទឹកសមុទ្រកើនឡើង ដែលជាគ្រោះមហន្តរាយនៃការកើនឡើងកម្តៅពិភពលោកនោះ គឺជារឿងមិនអាចបកក្រោយនោះឡើយ ហើយសម្រាប់ដែនកោះតូចៗនានា ឬប្រទេសដីកោះមួយចំនួន ពិតណាស់ថា នឹងទទួលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត៕