(តេហេរ៉ង់)៖ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅក្នុងប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមប្រព្រឹត្តទៅហើយនាម៉ោង ៨៖០០នាទីព្រឹកថ្ងៃសុក្រនេះ (ពេលវេលាក្នុងរដ្ឋធានីតេហរ៉ង់) ដោយប្រមុខដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានបោះសន្លឹកឆ្នោតទៅក្នុងប្រអប់ឆ្នោតមុនគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧។
មណ្ឌលបោះឆ្នោតប្រមាណជាង ៦៣,៥០០កន្លែង បានចាប់បើកទ្វារនាម៉ោង ៨៖០០នាព្រឹកថ្ងៃសុក្រនេះ ត្រូវនឹងម៉ោង ១០៖៣០នាទីព្រឹក (ពេលវេលានៅកម្ពុជា) នៅទូទាំងប្រទេសអ៊ីរ៉ង់ ហើយនឹងត្រូវបិទបញ្ចប់ទៅវិញនាម៉ោង ១៨៖០០នាទីល្ងាច (ពេលវេលាក្នុងទីក្រុងតេហរ៉ង់) ប៉ុន្តែពេលវេលានៃការបោះឆ្នោត ទំនងជានឹងត្រូវបន្ថែមដោយសារតែមានអ្នកចូលរួម យ៉ាងច្រើនលើសលប់។ ម៉្យាងវិញទៀត ប្រជាជនអ៊ីរ៉ង់កំពុងរស់នៅឯក្រៅប្រទេស ក៏អាចបោះឆ្នោតជ្រើសរើសប្រធានាធិបតី សម្រាប់ប្រទេសរបស់ពួកគេ នៅតាមមណ្ឌលបោះឆ្នោតចំនួន ៣១០កន្លែង ក្នុង១២០ប្រទេសផងដែរ។
ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ប្រមុខដឹកនាំកំពូលនៃបដិវត្តន៍អ៊ីស្លាម លោក Ayatollah Khamenei ដែលស្ថិតក្នុងចំណោមអ្នក ដែលបានទៅបោះឆ្នោតមុនគេបង្អស់នោះបានថ្លែងថា «ការបោះឆ្នោតឆ្នាំ២០១៧នេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយជនរួមជាតិអ៊ីរ៉ង់ទាំងអស់កំពុងតែធ្វើការសម្រេចចិត្ត អំពីជោគវាសនារបស់ពួកគេ ក៏ដូចជាប្រទេសជាតិទាំងមូល»។
គួរបញ្ជាក់ សម្រាប់ការបោះឆ្នោតនាឆ្នាំនេះ រួមមានបេក្ខភាពប្រធានាធិបតីចំនួនបួនរូប គឺប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani ដែលកំពុងឈរឈ្មោះ ដើម្បីបន្តកាន់អំណាចក្នុងអាណត្តិទីពីរ, លោក Seyyed Ebrahim Raeisi អតីតអនុប្រធានតុលាការ, សមាជិកក្រុមប្រឹក្សាប្រយោជន៍ នៃប្រទេសអ៊ីរ៉ង់លោក Mostafa Aqa-Mirsalim, និងអតីតអនុប្រធានាធិបតី លោក Mostafa Hashemi-Taba។
យ៉ាងណាមិញលោក Rouhani និងលោក Raeisi ត្រូវបានគេចាត់ទុកថា ជាបុគ្គលដែលមានភាគរយឈ្នះច្រើនជាងគេ បន្ទាប់ពីបេក្ខជនពីររូបផ្សេងទៀតគឺ អភិបាលក្រុងតេហេរ៉ង់លោក Mohammad Baqer Qalibaf និងអនុប្រធានាធិបតី លោក Is'haq Jahangiri បានដកខ្លួនចេញពីការប្រកួតនៅអំឡុងប៉ុន្មានថ្ងៃចុងក្រោយ នៃការឃោសនារកសំឡេងឆ្នោត៕