(ម៉ូស្គូ)៖ នាវាដឹកអ្នកដំណើរមកពីកូរ៉េខាងជើងមួយគ្រឿង បានចូលសំចតនៅឯកំពង់ផែប៉ាស៊ីហ្វិកនៃទីក្រុង Vladivostok ប្រទេសរុស្ស៊ីជាលើកដំបូង កាលពីថ្ងៃព្រហស្បតិ៍ បើទោះជាសហរដ្ឋអាមេរិក បានអំពាវនាវឱ្យបណ្ដាប្រទេសទំាងអស់លើលោក កាត់បន្ថយទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង ជាការឆ្លើយតបនឹង ការធ្វើបាញ់សាកល្បងមីស៊ីល និងនុយក្លេអ៊ែររំលោភទណ្ឌកម្មអន្តរជាតិនោះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧។
ការដាក់ឱ្យដំណើរការសេវាកម្មនាវាចរ រវាងទីក្រុង Vladivostok និងកំពង់ផែ Rajin របស់កូរ៉េខាងជើង ធ្វើឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបាញ់មីស៊ីលផ្លោង ដោយជោគជ័យធា្លក់នៅក្បែរសមុទ្ររុស្ស៊ី។ ដោយឡែកជុំវិញបញ្ហានេះដែរ នាយករងក្រុមហ៊ុនផ្តល់សេវាដំណើរកម្សាន្តតាម នាវារុស្ស៊ី Investstroytrest លោក Mikhail Khmel បានអះអាងថា សកម្មភាពនេះ គឺជាពាណិជ្ជកម្មនៃដំណើរកម្សាន្តសុទ្ធសាធ។
លោក Mikhail បានបញ្ជាក់យ៉ាងដូច្នេះថា «វាគឺជាពាណិជ្ជកម្មនៃក្រុមហ៊ុនរបស់យើង ដោយគ្មានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលណាមួយទំាងអស់ ពោលគឺសេវាកម្មនេះ ផ្ដោតសំខាន់លើភ្ញៀវទេសចរចិន ដែលចង់ធ្វើដំណើរទៅកាន់កូរ៉េខាងជើង ដោយឆ្លងកាត់តាមកំពង់ផែទីក្រុង Vladivostok។ ប៉ុន្តែដោយសារតែចិនគ្មានកំពង់ផែនៅសមុទ្រជប៉ុន ទើបការធ្វើដំណើរទៅកាន់កូរ៉េខាងជើង ត្រូវតែកាត់តាមទីក្រុង Vladivostok ព្រោះវាឆាប់ទៅដល់»។
ទោះបីជាយ៉ាងណាក៏ដោយ ការដាក់ឱ្យដំណើរការសេវាកម្មនេះ ធ្វើឡើងចំពេលដែលគេមើលឃើញថា កូរ៉េខាងជើងកំពុងបោះដៃទៅរករុស្ស៊ី ខណៈទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ហាក់ដូចជាមានភាពតានតឹង ដោយសារតែចិនបានចូលរួមជាមួយសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួនលើទីក្រុងព្យុងយ៉ាង ដោយសារការមិនស្ដាប់ដំបូន្មានរបស់ខ្លួន ហើយនៅតែចចេសធ្វើតេស្ដមីស៊ីលជាបន្តបន្ទាប់៕