(វ៉ាស៊ីនតោន)៖ យន្ដហោះចម្បាំងចិនពីរគ្រឿងធុន SU-30 បានធ្វើប្រតិបត្តិការហោះហើរប្រដេញមកលើយន្តហោះអាមេរិក ដែលយោធាអាមេរិកចាត់ទុកថា ជាការហោះហើរគ្មាន «វិជ្ជាជីវៈ» សំដៅស្ទាក់ចាប់យន្ដហោះវិទ្យុសកម្មប្រភេទ WC-135 ស្ថិតនៅក្នុងដែនអាកាសអន្តរជាតិពីលើតំបន់សមុទ្រចិនខាងកើត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧។
ជុំវិញឧបទ្ទវហេតុនេះដែរ អ្នកនាំពាក្យកងទ័ពអាកាសអាមេរិក លោកស្រី Lori Hodge បានឱ្យដឹងថា បញ្ហាដែលកើតឡើងនេះ កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយជាមួយចិន តាមរយៈការទូត និងទំនាក់ទំនងយោធា។ លោកស្រី Hodge បន្ថែមថា ឧប្បទ្ទវហេតុនេះ ត្រូវបានរាយការណ៍ដោយអ្នកបើក យន្ដហោះចាប់រលកវិទ្យុសកម្មធុន WC-135 ដែលត្រូវបានយន្ដហោះចម្បាំងចិនពីរគ្រឿងធុន SU-30 ហោះហើរមកក្បែរក្នុងល្បឿនមួយយ៉ាងលឿន តែខាងទីក្រុងប៉េកាំងមិនទាន់ធ្វើការអត្ថាធិប្បាយអ្វីនៅឡើយទេ។
គួរបញ្ជាក់ថា ឧប្បទ្ទវហេតុបែបនេះ មិនមែនទើបតែកើតឡើងជាលើកទីមួយនោះទេ ជាក់ស្ដែងកាលពីថ្ងៃទី០៨ ខែកុម្ភៈកន្លងទៅ យន្ដហោះស៊ើបការណ៍ P-3 របស់សហរដ្ឋអាមេរិក ក៏ធ្លាប់ត្រូវបានយន្ដហោះចម្បាំងចិនហោះមកក្បែរផងដែរ នៅឯតំបន់សមុទ្រចិនខាងត្បូង។ ក៏ប៉ុន្តែ ទំាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉កាំង តែងតែអះអាងរៀងៗខ្លួនថា រឿងបែបនេះ កើតឡើងនៅក្នុងអំឡុងពេលខ្លួន ធ្វើសមយុទ្ធហោះហើរជាទម្លាប់ធម្មតាតែប៉ុណ្ណោះ៕