(វ៉ាស៊ីនតោន)៖ សមាជិកសភាអាមេរិកមកពីគណបក្សសាធារណៈរដ្ឋមួយចំនួន កំពុងចាប់ផ្ដើមដកខ្លួនចេញឱ្យឆ្ងាយពីប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលកំពុងជាប់ផុងក្នុងរឿងអាស្រូវ ចែករំលែកព័ត៌មានសម្ងាត់ជាតិជាមួយរុស្សី ក៏ដូចជាការលូកដៃស្នើសុំឱ្យនាយក FBI បញ្ឈប់ការស៊ើបអង្កេតលើ ទំនាក់ទំនងរវាងអតីតទីប្រឹក្សាសន្តិសុខជាតិ លោក Michael Flynn និងទីក្រុងម៉ូស្គូ។ នេះបើតាមសម្តីអ្នកជំនាញមួយរូប គឺលោក Dan Mahaffee ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧។
ព្យុះនយោបាយអាមេរិក បានកើតឡើងជាថ្មីក្រោយកាសែត Washington Post ចុះផ្សាយថា លោក ដូណាល់ ត្រាំ បានចែករំលែកព័ត៌មានសម្ងាត់ជាតិឱ្យទីក្រុងម៉ូស្គូ ហើយប៉ុន្មានថ្ងៃក្រោយមកទៀត ប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានកាសែត New York Times រាយការណ៍ថា ធ្លាប់បានស្នើឱ្យនាយក FBI លោក James Comey បិទបញ្ចប់ការស៊ើបអង្កេតលើ លោក Michael Flynn ដែលនេះត្រូវគេជឿជាក់ថា ជាមូលហេតុធ្វើឱ្យលោក ត្រាំ សម្រេចចិត្តបណ្ដេញ លោក Comey ពីតំណែង។
ពាក់ព័ន្ធនឹងភាពចម្រូងចម្រាសនេះដែរ លោក Dan Mahaffee នាយកផ្នែកគោលនយោបាយ នៅឯមជ្ឈមណ្ឌលសម្រាប់ការសិក្សារឿងសភា និងប្រធានាធិបតីយល់ថា ដោយសារតែរឿងអាស្រូវទាំងនេះ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋមួយចំនួន អាចនឹងអស់ជំនឿ ហើយដកខ្លួននៅឱ្យឆ្ងាយពី លោក ដូណាល់ ត្រាំ ដែលកំពុងប្រឈមមុខនឹងការទាមទារ ឱ្យលោកចុះចេញពីតំណែង។
ជាក់ស្ដែងសមាជិកសភាសាធារណរដ្ឋដូចជា លោក Jason Chaffetz បានសរសេរសំបុត្រមួយច្បាប់ផ្ញើជូននាយកស្ដីទី FBI លោក Andrew McCabe ដោយស្នើឱ្យមានការចូលអានកំណត់ត្រាទាំងស្រុងរបស់ លោក Comey រីឯប្រធានសភាអាមេរិក លោក Paul Ryan ក៏បានឯកភាពនឹងសំណើនេះដែរ។
គួរបញ្ជាក់ថា ក្រុមសមាជិកសភាសាធារណរដ្ឋ បានរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពរបស់ លោក ដូណាល់ ត្រាំ លើលោក James Comey ក៏ប៉ុន្តែពួកគេមិនបានជំរុញពេញទំហឹង ឱ្យបើកការស៊ើបអង្កេតនោះទេ។ មួយវិញទៀតការដំណើរការនីតិវិធីទម្លាក់លោក ត្រាំ ពីតំណែងជាប្រធានាធិបតីគឺជារឿងស្មុគស្មាញបំផុត និងកម្រនឹងកើតឡើងនៅក្នុងនយោបាយអាមេរិក៕