(តូក្យូ)៖ ទីបំផុតគណៈរដ្ឋមន្ត្រីជប៉ុននៅថ្ងៃនេះ បានអនុម័តលើសេចក្តីព្រាងច្បាប់មួយ ដែលនឹងអនុញ្ញាតឲ្យព្រះចៅអធិរាជជប៉ុន Akihito ដាក់រាជ្យជាផ្លូវការពីរាជបល្ល័ង្ក Chrysanthemum ដែលជារឿងមិនធ្លាប់កើតមានក្នុងខ្សែរាជវង្សជប៉ុនអស់ ២សតវត្សរ៍មកហើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ Channel News Asia ដកស្រង់ពី AFP នាព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានសម្រេចចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយ ដើម្បីផ្ញើទៅកាន់សភាធ្វើការសម្រេចជាចុងក្រោយ។ លោក Yoshihide Suga ប្រធានគណៈរដ្ឋមន្ត្រីជប៉ុនបានប្រាប់អ្នកសារព័ត៌មាននានាថា «សេចក្តីសម្រេចយ៉ាងណានោះ គឺត្រូវរង់ចាំការតស៊ូមតិក្នុងសភាជាមុនសិន និងធ្វើការអនុម័តបន្ទាប់ពីនោះ»។
ព្រះចៅអធិរាជជប៉ុន Akihito មានព្រះជន្មាយុ ៨៣វស្សាទៅហើយ ដោយទ្រង់បានឡើងគ្រងរាជសម្បត្តិកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៨៩ បន្តពីព្រះចៅអធិរាជ Showa។ ព្រះអង្គក៏មានព្រះបុត្រាស្នងរាជ្យមួយអង្គផងដែរ ព្រះនាម Naruhito។ ការចង់ដាក់រាជ្យនេះ ក៏ព្រោះតែបញ្ហាសុខភាពកាន់តែទ្រុឌទ្រោមដែលមិនអាចតស៊ូព្រះកាយ នឹងរាជកិច្ចជាច្រើនតទៀតបាន ប៉ុន្តែតាមច្បាប់របស់រាជវង្សជប៉ុន មិនអាចមានផ្លូវណាមួយឲ្យព្រះអង្គដាក់រាជ្យនោះឡើយ ទើបគណៈរដ្ឋមន្ត្រីជប៉ុនចាប់ផ្តើមគិតគូរសម្រួលច្បាប់ឡើងវិញ៕