(ប៉េកាំង)៖ ប្រទេសចិន និងបណ្តាប្រជាជាតិអាស៊ីគ្នេយ៍នាថ្ងៃព្រហស្បតិ៍ បានព្រមព្រៀងគ្នាលើសេចក្តីព្រាងក្របខ័ណ្ឌមួយ សម្រាប់ក្រមប្រតិបត្តិ (COC) ក្នុងដែនសមុទ្រចិនខាងត្បូង ដែលមានបញ្ហាជម្លោះ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧។
ក្រោយជំនួបពិភាក្សាមួយរវាងក្រុមមន្រ្តីចិន និងអាស៊ាននៅក្នុងទីក្រុង Guiyan ក្រសួងការបរទេសចិន បានឲ្យដឹងថា សេចក្តីព្រាងនៃក្របខ័ណ្ឌនេះ ត្រូវបានយល់ព្រម និងឯកភាពគ្នាហើយ ក៏ប៉ុន្តែមិនក្រសួងបានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីខ្លឹមសាររបស់វានោះឡើយ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងពិតជារីករាយណាស់ ក្នុងការប្រកាសថា ក្រុមមន្រ្តីជាន់ខ្ពស់ទាំងអស់បានបញ្ចប់កិច្ចចរចា នៃសេចក្តីព្រាងក្របខណ្ឌ COC នៅមុនពាក់កណ្តាលឆ្នាំ២០១៧ ជាពេលវេលាដែលបណ្តាមេដឹកនាំអាស៊ាន និងចិនបានកំណត់ទុក»។
យោងតាមសេចក្តីថ្លែងការណ៍ខាងលើដដែល រាល់ភាគីទាំងអស់កំពុងគោរពតាមក្របខ័ណ្ឌនៃក្បួនច្បាប់ក្នុងតំបន់ ដើម្បីរៀបចំក៏ដូចជាគ្រប់គ្រងបញ្ហាវិវាទ និងបង្កើនកិច្ចសហប្រតិបត្តិការផ្លូវទឹកយ៉ាងស៊ីជម្រៅ ព្រមទាំងលើកកម្ពស់ការពិគ្រោះយោបល់គ្នាលើក្រមប្រតិបត្តិនេះ ហើយរួមសាមគ្គីគ្នាថែរក្សាការពារសន្តិភាព និងស្ថិរភាពនៃតំបន់សមុទ្រចិនខាងត្បូង។
គួរបញ្ជាក់ថា ចិននិងសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងអស់បានសង្ឃឹមថា នឹងអាចឯកភាពគ្នាលើក្របខ័ណ្ឌនេះក្នុងឆ្នាំ២០១៧នេះ បន្ទាប់ពីបានចំណាយពេលអស់ ១៥ឆ្នាំ ដើម្បីរួមគ្នាប្តេជ្ញារៀបចំវាឡើង ខណៈមន្រ្តីការទូតអាស៊ានមួយចំនួន បានបង្ហាញពីក្តីព្រួយបារម្ភរបស់ពួកគេថា តើចិនផ្តោតការយកចិត្តទុកដាក់ចំពោះរឿងនេះដែរ ឬយ៉ាងណា ឬមួយក៏អាស៊ានមានឥទ្ធិពលគ្រប់គ្រាន់ ដើម្បីជំរុញឲ្យទីក្រុងប៉េកាំងគោរពតាមក្បួនច្បាប់មួយបាន ដែរ ឬយ៉ាងណានោះ។
សូមជំរាបដែរថា ប្រទេសចិនបានធ្វើការទាមទារស្ទើរតែទាំងស្រុងលើតំបន់សមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកមានទំហំពាណិជ្ជកម្មចេញចូលប្រមាណ ០៥ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។ យ៉ាងណាមិញ ប៊្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង តៃវ៉ាន់ ក៏បានទាមទារចំណែករៀងៗខ្លួនផងដែរ៕