(ព្យុចសែល)៖ គណៈកម្មការនៃសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចពិន័យក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមដ៏ល្បីរបស់ពិភពលោក Facebook ជាទឹកប្រាក់ចំនួន១១០លានអឺរ៉ូ ដែលស្មើនឹង១២២.៥លានដុល្លារសហរដ្ឋអាមេរិក ដោយសារបានផ្តល់ព័ត៌មានធ្វើឲ្យយល់ខុស នៅអំឡុងការស៊ើបអង្កេត របស់គណៈកម្មការនេះ ជុំវិញការទិញសិទ្ធិគ្រប់គ្រងរបស់ Facebook លើកម្មវិធី WhatsApp កាលពីប៉ុន្មានឆ្នាំមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញ ពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧។
យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការសហភាពអឺរ៉ុបខាងលើ ក្រុមហ៊ុន Facebook បានប្រាប់ទៅកាន់ខ្លួនថា នៅពេលដែលធ្វើការទិញយកសិទ្ធិគ្រប់គ្រង កម្មវិធីកាលពីឆ្នាំ២០១៤ តាមបច្ចេកទេសវានឹងមិនអាចទៅរួចនោះឡើយ ដើម្បីតភ្ជាប់គណនីនៃបណ្តាញសង្គម Facebook ជាមួយ និងគណនី ប្រើប្រាស់នៃកម្មវិធី WhatsApp។ យ៉ាងណាមិញមកដល់ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ គោលការណ៍លក្ខខណ្ឌរបស់ WhatsApp ក៏ត្រូវបានផ្លាស់ប្តូរ ដោយ WhatsApp បានអនុញ្ញាតឲ្យមានការតភ្ជាប់រវាងលេខទូរស័ព្ទនៃអ្នកប្រើប្រាស់កម្មវិធីនេះ ជាមួយនិងគណនី Facebook បាន។
ជាមួយគ្នានេះ លោកស្រី Margrethe Vestager ស្នងការប្រកួតប្រជែងនៃសហភាពអឺរ៉ុប បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ដដែលថា «ការសម្រេចចិត្តនាថ្ងៃនេះ បានផ្ញើសារក៏ដូចជាសញ្ញាយ៉ាងច្បាស់ៗ ទៅកាន់ក្រុមហ៊ុនទាំងឡាយថា ពួកគេត្រូវតែគោរពតាមគ្រប់ទិដ្ឋភាព នៃនិយ័តកម្មរួមបញ្ចូលរបស់ EU ដោយនៅក្នុងនោះរួមមានទាំង កាតព្វកិច្ចក្នុងការផ្តល់ព័ត៌មានត្រឹមត្រូវច្បាស់លាស់ផងដែរ»។
គួរបញ្ជាក់ថា កាលពីថ្ងៃមុន គណៈកម្មការជាតិបារាំងទទួលបន្ទុកផ្នែកព័ត៌មានវិទ្យា និងសិទ្ធសេរីភាព ក៏បានពិន័យ Facebook ជាប្រាក់១៦៥,៦០០ដុល្លារផងដែរ សម្រាប់ការល្មើសច្បាប់រក្សាការពារទិន្ន័យ។ ទន្ទឹមនឹងនេះ កាលពីថ្ងៃសុក្រសប្តាហ៍ មុនវិញនោះ WhatsApp បានទទួលរងការពិន័យប្រមាណជាងបីលានដុល្លារ ដោយអាជ្ញាធរប្រកួតប្រជែងអ៊ីតាលី ក្រោមបទចោទប្រកាន់ថាកម្មវិធីនេះ បានបង្ខំអ្នកប្រើប្រាស់ឲ្យចែករំលែកទិនន្ន័យផ្ទាល់របស់ពួកគេជាមួយបណ្តាញសង្គម Facebook៕