(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីបារាំងថ្មីលោក Emmanuel Macron បានធ្វើការជជែកពិភាក្សគ្នាតាមប្រព័ន្ធទូរស័ព្ទ ជាលើកដំបូង គិតចាប់តាំងពីតែពីលោក Macron បានជាប់ឆ្នោតនិងឡើងកាន់តំណែង កាលពីពេលថ្មីៗនេះមក ហើយនាឱកាសនោះមេដឹកនាំទាំងពីរ ក៏បានពិគ្រោះគ្នាអំពីប្រធានបទសំខាន់ៗមួយចំនួនផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧។
វិមានក្រឹមឡាំងបានឲ្យដឹងដូច្នេះថា «នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក Putin និងលោក Macron ភាគីទាំងពីរបាន បង្ហាញពីការត្រៀមលក្ខណៈរៀងៗខ្លួន ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនាក់ជាមិត្តភាពរុស្ស៊ី-បារាំង ទាំងក្នុងផ្នែកនយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ មនុស្សធម៌ និងវិស័យដទៃជាច្រើនទៀត»។ បន្ថែមពីនេះយោងតាមសេចក្តីថ្លែងការណ៍ដដែល របស់វិមានក្រឹមឡាំង លោកប្រធានាធិបតីរុស្ស៊ីនិងសមភាគីបារាំង ក៏បានធ្វើការគូសបញ្ជាក់ជាពិសេស អំពីសារៈសំខាន់ នៃការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីឈានដល់ការរកដំណោះស្រាយវិបត្តិនៅអ៊ុយក្រែន ដោយឈរលើមូលដ្ឋាន នៃកិច្ចព្រមព្រៀងទីក្រុង Minsk ថែមទៀតផង។
ដោយឡែកលោក Vladimir Putin និង Emmanuel Macron ទំនងជានឹងមានឱកាសជួបទល់គ្នាផ្ទាល់ជាលើកដំបូង នៅក្នុងអំឡុងកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅនាខែកក្កដាខាងមុខ នៅក្នុងប្រទេសអាល្លឺម៉ង់។ ហើយព្រឹត្តិការណ៍នេះ ក៏នឹងត្រូវបានឃ្លាំងមើលជាពិសេសពីសំណាក់អន្តរជាតិផងដែរ ដោយសារតែវានឹងជាទីដែលប្រធានាធិបតីអាមេរិកលោក Donald Trump និង លោក Putin ជួបមុខគ្នាជាលើកទីមួយ។
សូមរំលឹកដែរថា លោក Emmanuel Macron បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទីពីរ ដែលជាជុំផ្តាច់ព្រ័ត្រ នៅឯប្រទេសបារាំង ជាមួយនិងសំឡេងគាំទ្រជាង៦៦ភាគរយ ហើយរូបលោកបានស្បថឡើងកាន់តំណែងជាផ្លូវការបន្តពីលោក Francois Hollande កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧នេះ៕