(វ៉ាស៊ីនតោន)៖ ស្ថាបនិកក៏ដូចជាអតីតនាយកប្រតិបត្តិ (CEO) របស់បណ្តាញសារព័ត៌មានដ៏ល្បីល្បាញបំផុតមួយ របស់សហរដ្ឋអាមេរិក Fox News បានទទួលមរណភាពហើយ នៅក្នុងវ័យ៧៧ឆ្នាំ។ នេះបើតាមការសេចក្តីថ្លែងការណ៍របស់ភរិយាលោក ដកស្រង់ដោយសារព័ត៌មាន BBC នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧។
លោក Roger Ailes ដែលត្រូវបានមនុស្សភាគច្រើនចាត់ទុកថា ជាបុរសដ៏មានឥទ្ធិពលបំផុត នៅក្នុងវិស័យព័ត៌មានអាមេរិកនោះ បានបង្កើតក៏ដូចជាកសាង Fox News ស្ទើរតែចេញពីបាតដៃទទេទាំងគូរបស់លោកកាលពីឆ្នាំ១៩៩៦ និងបានធ្វើការដឹកនាំបណ្តាញសារព័ត៌មានអស់រយៈពេលប្រមាណជា២០ឆ្នាំ រហូតដល់ពេលរូបលោកត្រូវបានបង្ខំចិត្ត ឲ្យលាលែងពីតំណែងកាលពីឆ្នាំ២០១៦ កន្លងទៅនេះ បន្ទាប់ពីមានពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងការបៀតបៀនកេរ្តិ៍ខ្មាស ដែលបានកើតមានឡើងកាលពីប៉ុន្មានទសវត្សរ៍មុន។
សូមជំរាបថា លោក Ailes ធ្លាប់មានតួនាទីជាទីប្រឹក្សាផ្នែកព័ត៌មានមួយរូប របស់អតីតប្រធានាធិបតីអាមេរិកលោក Richard Nixon និងក្រោយមកលោក ក៏ធ្លាប់បានផ្តល់ប្រឹក្សាដល់មេដឹកនាំអាមេរិកបច្ចុប្បន្នលោក Donald Trump កាលពីអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាឆ្នាំមុនផងដែរ៕