(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះ សូមទស្សនាដូចខាងក្រោម៖
១៖ ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក មូន ជេអ៊ីន បាននិយាយថា សង្រ្គាមជាមួយកូរ៉េខាងជើង មានលទ្ធភាពខ្ពស់ថាអាចនឹងផ្ទុះឡើង ដោយសារ តែសកម្មភាពបង្ករឿងឥតឈប់ឈរ របស់ទីក្រុងព្យុងយ៉ាង និងការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD នៅលើទឹកដីកូរ៉េខាងត្បូងដែល លោកផ្ទាល់ធ្លាប់បង្ហាញពីគោលជំហរជំទាស់នឹងគំរោងនេះ កាលលោកស្រីផាក គឺនហេ នៅកាន់តំណែងជាប្រធានាធិបតី។ ប៉ុន្តែយ៉ាងណា លោក មូន ក៏ទំនងជាដឹងនៅក្នុងចិត្តយ៉ាងច្បាស់ដែរថា មាន THAAD កូរ៉េខាងជើងនឹងមិនហ៊ានធ្វើអ្វីផ្ដេសផ្ដាសឡើយ៕
២៖ អាជ្ញាធរឧតុនិយមថៃ បានឱ្យដឹងថាទីក្រុងបាងកក និងបណ្តាខេត្តមួយចំនួន នៅភាគខាងជើង និងកណ្តាលប្រទេសថៃ បាននិងកំពុងប្រឈម មុខនឹងភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបង្កជាទឹកជំនន់លិចផ្លូវថ្នល់ និងធ្វើឲ្យកកស្ទះចរាចរណ៍ ហើយភ្លៀងធ្លាក់នេះ ត្រូវបានគេព្យាករណ៍ថានឹងបន្ត រហូតដល់ថ្ងៃព្រហស្បតិ៍នេះ៕
៣៖ ភ្នំភ្លើងល្បីឈ្មោះប្រចាំភាគខាងកើតប្រទេសរុស្ស៊ី ឈ្មោះ Klyuchevskoy បានផ្ទុះឡើងយ៉ាងកក្រើកតែម្តងនៅថ្ងៃព្រហស្បតិ៍នេះ និងជះកម្អែល ផេះឡើងលើអាកាសកម្ពស់ ៦,០០០ម៉ែត្រឯណោះ ប៉ុន្តែវាមិនបានបង្កឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ៕
៤៖ ធ្លាប់ឃើញមានតែនៅក្នុងរឿងភាគ តែនៅពេលនេះ សមាជិកគ្រួសារញាតិវង្ស ព្រះចៅអធិរាជជប៉ុន ព្រះនាងម្ចាស់ Mako ត្រូវបានប្រព័ន្ធផ្សព្វ ផ្សាយនៅក្នុងស្រុក រាយការណ៍ថា អាចនឹងបោះបង់ខ្សែស្រឡាយរាជវង្ស ដើម្បីរៀបការជាមួយបុរសជាជនសាមញ្ញម្នាក់គឺលោក Kei Komuro ដែលព្រះនាងបានស្គាល់អស់រយៈពេលជាង០៥ឆ្នាំមកនេះ។ យោងតាមច្បាប់រាជវង្សជប៉ុន ព្រះនាងម្ចាស់ Mako នឹងត្រូវចាកចេញពីគ្រួសារញាតិ វង្ស បើសិនជាទ្រង់រៀបការជាមួយលោក Komuro មែននោះ៕
៥៖ អ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍នេះ បានរិះគន់ ក៏ដូចជាថ្កោលទោសធ្ងន់ៗ ចំពោះការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក មកលើកម្មវិធីអភិវឌ្ឍន៍គ្រាប់ មីស៊ីលរបស់ខ្លួនដោយអះអាងថាទង្វើនេះនឹងប៉ះពាល់ដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយមហាអំណាចពិភពលោកទាំង០៦។ ទំនាក់ទំនាក់ រវាង ទីក្រុងវ៉ាស៊ីតោន និងទីក្រុងតេហេរ៉ង់ ជួបភាពតានតឹងឡើងវិញ ចាប់តាំងពីលោកត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ជាពិសេសនៅក្រោយ លោកប្រកាសដាក់បម្រាមមិនឱ្យប្រជាជនមូស្លីម មកពីប្រទេសចំនួន០៦ ក្នុងនោះរួមមានទំាងអ៊ីរ៉ង់ ជាន់ដីអាមេរិក៕
៦៖ ជាមួយនឹងការបង្ហាញពីក្ដីព្រួយបារម្ភ ក្រសួងការបរទេសអាមេរិក ក៏បានទទួលស្គាល់ដែរថា អង្គរក្សប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan គឺជាអ្នកនៅពីក្រោយការប្រើ ប្រាស់អំពើហិង្សាលើក្រុមបាតុករឃើដ ដែលបានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ លោក Erdogan មកកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ។ ប៉ុន្តែខាងសារព័ត៌មានតួកគី អះអាងថា អង្គរក្សលោក Erdogan បានសម្រចចិត្តចូលបំបែក ហ្វូងបាតុករ ដោយសារអាជ្ញាធរអាមេរិក មិនខ្វល់ពីសំណើអន្តរាគមន៍របស់តួកគី៕