(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី នៅថ្ងៃព្រហស្បតិ៍នេះ បានប្រាប់បេកសកជនពិសេសកូរ៉េខាងត្បូង លោក លី ហេចាន់ (Lee Hae-chan) ថា ទីក្រុងប៉េកាំងសង្ឃឹមថា រដ្ឋាភិបាលកូរ៉េខាងត្បូងថ្មី របស់ លោក មូន ជេអ៊ីន នឹងកែតម្រូវឡើងវិញនូវរាល់បញ្ហា ដែលបង្កឱ្យមានភាពល្អក់កករដល់ទំនាក់ ទំនងរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧។
ថ្លែងនៅចំពោះមុខលោក លី លោក វ៉ាង បានលើកឡើងយ៉ាងដូច្នេះថា «យើងសង្ឃឹមថា រដ្ឋាភិបាលកូរ៉េខាងត្បូងថ្មីនឹងកែតម្រូវឡើងវិញ នូវរាល់បញ្ហា ដែលយើងកំពុងប្រឈម ក៏ដូចជាចាត់វិធានការ និងគោលជំហរឱ្យបានកាន់តែលឿន តាមដែលអាចធ្វើទៅបាន ដើម្បីជម្នះឧបសគ្គរារាំងដល់ផ្លូវ ឆ្ពោះទៅរកទំនាក់ទំនងដ៏ល្អ រវាងប្រទេសយើងទំាងពីរ (...) ហើយនេះគឺជាអ្វីដែលរដ្ឋាភិបាល និងប្រជាជនរបស់យើងត្រូវការ»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង នៃអតីតនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក លី ហេចាន់ ធ្វើឡើងជិតមួយសប្ដាហ៍ បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោងដោយជោគជ័យ។ លោក លី ត្រូវបានគេរំពឹងថា នឹងលើកយកសំណុំរឿងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរកូរ៉េខាងជើងទៅពិភាក្សាជាមួយថ្នាក់ដឹកនាំចិន ក៏ប៉ុន្តែទន្ទឹមគ្នាបេសកជនពិសេសរូបនេះ ក៏ត្រូវដោះស្រាយបញ្ហាជាមួយទីក្រុងប៉េកាំងផងដែរ ជុំវិញការដាក់ពង្រាយប្រព័ន្ធមីស៊ីលអាមេរិក THAAD ដែលចិនចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន រហូតដល់សម្រេចចិត្ត ដាក់ទណ្ឌកម្មលើក្រុមហ៊ុនកូរ៉េខាងត្បូងមួយចំនួននៅក្នុងប្រទេស៕