(សេអ៊ូល)៖ គ្រូពេទ្យវះកាត់​កែសម្ផស្ស​កូរ៉េខាងត្បូងម្នាក់ ត្រូវបានតុលាការ​ព្យួរទោសជាប់ពន្ធនាគារ​រយៈពេល ១៨ខែ សម្រាប់ការចេញកំណត់ត្រា​ព្យាបាលក្លែងក្លាយ ​ឱ្យអតីតប្រធានាធិបតី​​កូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ដែលកំពុងប្រឈមមុខ​នឹងដំណើរការក្ដី ជុំវិញរឿងអាស្រូវ​ពុករលួយជាមួយស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia​ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧។

យោងតាមក្រុមអ្នក​ស៊ើបអង្កេត គ្រូពេទ្យវះកាត់​កែសម្ផស្ស លោក Kim Young-ja បានកុហុកសភា​កូរ៉េខាងត្បូង នៅក្នុងអំឡុង​ពេលសវនាការ សាកសួរពាក់ព័ន្ធ​នឹងរឿង​អាស្រូវ ឆយ ស៊ូនស៊ីល ដោយលោកបាន​ចេញកំណត់ត្រាព្យាបាល​ក្លែងក្លាយ ឱ្យលោកស្រី ផាក នៅអំឡុង​ឆ្នាំ២០១៤ និង ២០១៦។ ចំណែកឯលោកស្រី ផាក ខ្លួនឯងក៏មិន​បានប្រឹក្សា​យោបល់​ជាមួយក្រុមមន្ត្រី​វេជ្ជបណ្ឌិត​​របស់​លោកស្រីដែរ មុននឹងទទួល​ការព្យាបាល ហើយម្យ៉ាវិញទៀត​ដោយសាតែរឿង​​កែសម្ផស្សនេះ លោកស្រីត្រូវ​​បានគេចោទថា មិនបានស្ថិត​នៅក្នុងការិយាល័យ​ អស់រយៈពេល​ជាច្រើន​ម៉ោង​នៅចំថ្ងៃ កើតមានគ្រោះ​មហន្តរាយ ​លិចសាឡង់​ដឹកសិស្សសាលា Sewol។

គួរបញ្ជាក់ថា បើតាមក្រុម​មន្ត្រីតុលាការ ទោសរបស់​លោក Kim Young-ja ត្រូវបានព្យួរសម្រាប់​រយៈពេល៣ឆ្នាំ ដូច្នេះលោកនឹង​មិនត្រូវជាប់ពន្ធនាគារនោះទេ ហើយលោកក៏​បានទទួលស្គាល់​កំហុសដែរ។ តែ​មេធាវីរបស់លោកថា នឹងពិភាក្សាលើរឿង​ប្ដឹងឧទ្ធរណ៍ ខណៈប្រពន្ធ​របស់លោកត្រូវ តុលាការផ្តន្ទាទោស​ឱ្យជាប់ពន្ធនាគាររយៈពេល​១ឆ្នាំ ពីបទពុករលួយ៕