(ហាណូយ)៖ រដ្ឋាភិបាលវៀតណាម កំពុងសម្លឹងជាថ្មីលើការពង្រឹងកម្មវិធីថាមពលនុយក្លេអ៊ែរ និងបច្ចេកវិទ្យាសម្រាប់វិស័យជាច្រើនដូចជា សុខាភិបាល កសិកម្ម និងឧស្សាហកម្ម បន្ទាប់ពីគំរោងសាងសង់រោងចក្រនុយក្លេអ៊ែរ ជាលើកដំបូងត្រូវបានលុបចោល។ នេះបើតាមមន្ត្រីនៅក្នុង តំបន់ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧។
ថ្លែងប្រាប់ស៊ិនហួរ អនុប្រធានវិទ្យាស្ថានថាមពលអាតូមិចវៀតណាម លោក Nguyen Hao Quang បានបញ្ជាក់ថា វៀតណាម និងរុស្ស៊ីបាននិងកំពុងសម្លឹងមើលការសាងសង់ មជ្ឈមណ្ឌលវិទ្យាសាស្ត្រថាមពលនុយក្លេអ៊ែរ និងបច្ចេកវិទ្យា (CNEST) នៅឯភាគខាងត្បូងខេត្ត Dong Nai និង នៅទីក្រុងហាណូយ។ លោក Nguyen បន្ថែមថា ការជ្រើសរើសយក ខេត្ត Dong Nai ជាទីតាំងនៃ CNEST ពីព្រោះខេត្តភាគខាងត្បូងមួយនេះ ជាតំបន់សេដ្ឋកិច្ចមួយ ដែលអាចនឹងទាញយកប្រយោជន៍ពីកម្មវិធីថាមពលនុយក្លេអ៊ែរ ហើយតាមរយៈកម្មវិធីនេះទៀតសោត វៀតណាមនឹងទទួលបានជោគជ័យក្នុងការបង្កើនទិន្នផល និងគុណភាពស្រូវ ក៏ដូចជាផលិតសារធាតុសម្រាប់ការធ្វើរោគវិនិច្ឆ័យជំងឺមហារីក ខណៈធាតុវិទ្យុសកម្ម ១,៣០០ប្រភព ត្រូវបានប្រើប្រាស់នៅក្នុងវិស័យឧស្សាហកម្ម។
គួររំលឹកថា កាលពីឆ្នាំ២០១៦ សភាវៀតណាមបានលុបចោលគំរោងសាងសង់រោងចក្រ នុយក្លេអ៊ែរជាលើកដំបូង នៅក្នុងប្រទេសដែលមានជិត ០៩ពាន់លានដុល្លារអាមេរិក នៅភាគកណ្ដាលខេត្ត Ninh Thuan និងអាចផលិតថាមពលអគ្គិសនីបាន ៤,០០០មេហ្គាវ៉ាត់។ ការលុបចោលគំរោង នេះមិនមែនដោយសារបញ្ហាបច្ចេកទេស ឬសុវត្ថិភាពនោះទេ ប៉ុន្តែដោយសារស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន៕