(ញូដេលី)៖ រដ្ឋមន្រ្តីក្រសួងបរិស្ថានឥណ្ឌា បានទទួលមរណភាពហើយនាថ្ងៃព្រហស្បតិ៍នេះ ដែលសោកនាដកម្មនេះ បានបណ្តាលឲ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី លោក Narendra Modi បាត់បង់បុគ្គលដ៏សំខាន់មួយរូប ស្របពេលដែលប្រទេសអាស៊ីខាងត្បូងមួយនេះ កំពុងធ្វើការពិចារណាលើបញ្ហាដ៏សំខាន់មួយ ស្តីពីស្បៀងអាហារ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧។
លោក Anil Madha Dave អាយុ៦០ឆ្នាំ បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យមួយកន្លែង នៃរដ្ឋធានីញូដេលី បន្ទាប់ពីបានត្អូញត្អែរថា មានអារម្មណ៍ពុំសូវជាស្រួលក្នុងខ្លួន ពោលគឺនៅមួយថ្ងៃក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តី។ លោក Dave ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងបរិស្ថានកាលពីឆ្នាំមុននេះ ហើយតាមពិតទៅរូបលោកត្រូវបានរដ្ឋាភិបាផ្តល់សិទ្ធិ ឲ្យធ្វើសម្រេចចិត្តជាចុងក្រោយមួយ ស្តីពីការអភិវឌ្ឍដំណាំស្បៀងកែច្នៃ ជាលើកដំបូងមិនធ្លាប់នៅក្នុងប្រទេសឥណ្ឌា។
គួរបញ្ជាក់ថា ជាមួយគ្នានេះនាយករដ្ឋមន្រ្តីឥណ្ឌា លោក Modi ក៏ដូចជាមន្រ្តីរដ្ឋាភិបាលជាច្រើនរូបទៀត ក៏បានផ្ញើសារចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំនេះផងដែរ៕