(តេហេរ៉ង់)៖ អ៊ីរ៉ង់នៅថ្ងៃព្រហស្បតិ៍នេះបានធ្វើការរិះគន់ ក៏ដូចជាថ្កោលទោសធ្ងន់ៗ ចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក មកលើកម្មវិធីអភិវឌ្ឍន៍គ្រាប់មីស៊ីលរបស់ខ្លួន ដោយថា ទង្វើនេះនឹងប៉ះពាល់ដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយមហាអំណាចពិភពលោកទាំង០៦ ថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានទាន់ហេតុការណ៍ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Bahram Ghasemi បានថ្លែងនៅលើបណ្តាញទំនាក់ទំនងសង្គម មួយថា «ប្រទេសអ៊ីរ៉ង់ទាំងមូល សូមថ្កោលទោសយ៉ាងខ្លាំងចំពោះចេតនាអាក្រក់ របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងកិច្ចប្រឹងប្រែងកាត់បន្ថយលទ្ធផលវិជ្ជមាន នៃការខិតខំប្តេជ្ញាអនុវត្តន៍របស់រដ្ឋាភិបាលតេហេរ៉ង់ ទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA ដោយការដាក់ទណ្ឌកម្មបន្ថែមរបស់អាមេរិក»។
គួរបញ្ជាក់ថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជ្រើសរើសប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយប្រទេសអ៊ីរ៉ង់ ក៏ប៉ុន្តែបានដាក់ចេញវិធានការថ្មីជាច្រើន ដើម្បីពិន័យទៅលើមន្រ្តីការពារជាតិមួយចំនួនរបស់អ៊ីរ៉ង់ រួមទាំងក្រុមហ៊ុនមួយរបស់ចិន ដែលមានជាប់ពាក់ព័ន្ធទៅនឹងកម្មវិធីមីស៊ីលផ្លោងរបស់ទីក្រុងតេហេរ៉ង់ ដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថា ជាការបំពានច្បាប់អន្តរជាតិ ពីព្រោះវាអាចនឹងផ្តល់លទ្ធភាពឲ្យអ៊ីរ៉ង់ បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនាពេលអនាគត៕