(ពិភពលោក)៖ ការបាញ់សាកល្បងមីស៊ីលកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ជាភាពជោគជ័យបំផុតរបស់កូរ៉េខាងជើង។ ជាមួយគ្នានេះដែរ អ្នកវិភាគបាន លើកឡើងថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បច្ចុប្បន្នអាចនឹងមានអាវុធ ដែលមានសមត្ថភាពវាយប្រហារមូលដ្ឋានយោធាសំខាន់ៗ របស់អាមេរិកក្នុងតំបន់ប៉ាស៊ីហ្វិក បានយ៉ាងងាយ។

កាលពីថ្ងៃចន្ទកន្លងទៅនេះ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានធ្វើសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលថា ការបាញ់សាកល្បងចុងក្រោយរបស់ខ្លួន អាចបញ្ជាក់បាន ថាប្រទេស កូរ៉េខាងជើងមានគ្រាប់រ៉ុកែតដែលអាចបំពាក់គ្រាប់នុយក្លេអ៊ែរខ្នាតធំ ដើម្បីវាយប្រហារដល់ដែនដីអាមេរិក និងមូលដ្ឋានយោធាមហាអំណាចមួយនេះ នៅលើកោះ Guam ក្នុងមហាសមុទ្រប៉ាស៊ីហ្វីចបាន។

ខាងក្រោមជាសំណួរ និងចម្លើយសំខាន់ៗ ពាក់ព័ន្ធនឹងការបាញ់សាកល្បងមីស៊ីលចុងក្រោយ​របស់ប្រទេសដ៏រឹងរួសមួយនេះ៖

* ហេតុអ្វីបានជាការបាញ់សាកល្បងនេះ ជាបញ្ហាដ៏ធ្ងន់ធ្ងរគួរបារម្ភ?
សារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA បានប្រកាសថា គ្រាប់មីស៊ីលថ្មី Hwasong-12 អាចបាញ់បានក្នុងកម្ពស់២,១១១គីឡូម៉ែត្រ។ ប្រសិនបើវាជាការពិត អាចនិយាយបាននេះជាការបាញ់សាកល្បងមីស៊ីលដែលមានកម្ពស់ខ្ពស់បំផុត ក្នុងចំណោមការបាញ់បាញ់សាកល្បងទាំងប្រាំពីរលើករបស់កូរ៉េខាងជើង ក្នុងឆ្នាំ២០១៧នេះ។

អ្វីដែលជាក្តីបារម្ភសម្រាប់សហរដ្ឋអាមេរិក រួមទាំងបណ្តាប្រទេសផ្សេងទៀតនោះគឺ ប្រសិនបើគ្រាប់មីស៊ីលនេះ ត្រូវបានបាញ់ក្នុងគោលដៅមួយតាមបំណង របស់កូរ៉េខាងជើង វាច្បាស់ជាអាចបាញ់ដល់មូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិក ក្នុងតំបន់ Guamបានពិតមែន នេះបើយោងតាមការលើកឡើងរបស់លោក John Schilling អ្នកឯកទេសផ្នែកវិស្វករអាវកាស។

តំបន់ Guam មានទីតាំងស្ថិតនៅក្នុងចម្ងាយ ៣,៥០០គីឡូម៉ែត្រភាគអាគ្នេយ៍ប្រទេស កូរ៉េខាងជើង ស្របពេលដែលពេលនេះ សហរដ្ឋអាមេរិក បានបង្វិល គ្រាប់បែកធន់ធ្ងរប្រភេទ B-1s និង B-52s សំដៅមកកាន់ប្រទេស កូរ៉េខាងជើងជាស្រេច។ «ការបាញ់សាកល្បងមីស៊ីលប្រកបដោយ ភាពជោគជ័យរបស់កូរ៉េខាងជើង បានបង្ហាញពីកម្រិតអភិវឌ្ឍន៍ថ្មីរបស់កូរ៉េខាងជើងដែលមិនធ្លាប់មានពីមុនមក»។  រដ្ឋាភិបាលក្រុង ព្យុងយ៉ាងក៏ធ្លាប់បានគំរាមថានឹងអភិវឌ្ឍន៍គ្រាប់មីស៊ីលបំពាក់នុយក្លេអ៊ែរដ៏កំពូល ដែលអាចបាញ់ប្រហារទៅដល់សហរដ្ឋអាមេរិក ដែលស្ថិតក្នុងចម្ងាយប្រមាណ៨,០០០គីឡូម៉ែត្រ។

ប៉ុន្តែលោក Tong Zhao អ្នកវិភាគម្នាក់បានបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលកាលពីថ្ងៃអាទិត្យកន្លងទៅនេះ អាចផ្តល់ឱ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាង ក្នុងការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់។

យ៉ាងនេះក្តី មេបញ្ជាការយោធាអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វីច បានលើកឡើងថា មីស៊ីលដែលត្រូវបានបាញ់សាកល្បងនេះ មិនស៊ីគ្នានឹងគ្រាប់មីស៊ីលបាញ់ ផ្លោងឆ្លងទ្វីបICBM ឡើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Reuters។

សូមជម្រាបថា ការបាញ់សាកល្បងកាលពីថ្ងៃអាត្យមកន្លងទៅនេះ ជាការបាញ់សាកល្បងជាលើកដំបូងរបស់កូរ៉េខាងជើង ចាប់តាំងពីប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ឡើងកាន់អំណាចកាលពីសបា្តហ៍មុន។ លោក Moon មានបំណងចង់បង្កើនកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ពីបញ្ហាកាត់បន្ថយនុយក្លេអ៊ែរ។

* តើបញ្ហានេះ នឹងបង្កការរំខានដល់រុស្សីដែរឬទេ?

រុស្ស៊ីមិនចង់ឱ្យកូរ៉េខាងជើង មានអាវុធនុយក្លេអ៊ែរឡើយ ប៉ុន្តែតាមរយៈការឆ្លើយតបពីសំណាក់មន្ត្រីប្រចាំទីក្រុង មូស្គូ ហាក់បង្ហាញការមិនចាប់អារម្មណ៍ព្រោះពួកគេ ដឹងច្បាស់ថា រុស្ស៊ីមិនមែនជាគោលដៅវាយប្រហារបស់កូរ៉េខាងជើងនោះទេ។ រុស្ស៊ីជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលមានទំនាក់ទំនងជាមួយកូរ៉េខាងជើង។ ខណៈដែលរុស្ស៊ី និងកូរ៉េខាងជើងមិនមានទំនាក់ទំនងពាណិជ្ជកម្មដ៏ខ្លាំងកា្លយជាមួយគ្នា យ៉ាងហោចណាស់ពួកគេបានកសាងទំនាក់ទំនងសេដ្ឋកិច្ចជាមួយគ្នា។

ការបាញ់សាកល្បងមីស៊ីលកាលពីថ្ងៃអាទិត្យកន្លងទៅនេះមានចម្ងាយ៧៨៧គីឡូម៉ែត្រ ឆ្លងកាត់ប្រទេស កូរ៉េខាងជើង ហើយធ្លាក់ទៅក្នុងសមុទ្រជប៉ុន ដែលត្រូវបានគេហៅថា សមុទ្រុខាងជើង នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន។
មន្ត្រីសហរដ្ឋអាមេរិកបានបញ្ជាក់ថា គ្រាប់មីស៊ីល បានធ្លាក់ក្នុងទឹកក្នុងចម្ងាយ១០០គីឡូម៉ែត្រភាគខាងគខាងប្រទេស រុស្ស៊ី។ យ៉ាងនេះក្តី រុស្ស៊ីបានបញ្ជាក់ថា វាបានធ្លាក់ក្នុងចម្ងាយរហូតដល់៥០០គីឡូម៉ែត្រពីឆ្នេររបស់ខ្លួន។ វាអាចបង្ហាញថា រុស្ស៊ីមិនបានចាត់ទុកថា ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង មិនមែនជារឿងបង្កហេតុសម្រាប់ខ្លួនឡើយ។

* តើសហរដ្ឋអាមេរិកនឹងប្រឈមមុខនឹងបញ្ហានេះដោយរបៀបណា?

រដ្ឋាភិបាលរបស់លោក ត្រាំ បានចាត់ទុកវិបត្តិកូរ៉េខាងជើង ជាបញ្ហាសន្តិសុខជាអាទិភាព។ សហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំង និងនាវាមុជទឹកទៅកាន់ ដែនដីទឹករបស់ឧបទ្វីបកូរ៉េ ចូលរួមក្នុងសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង និងជប៉ុន ព្រមទាំងជម្រុញការដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរទៅលើរដ្ឋាភិបាលក្រុង ព្យុងយ៉ាង។

បន្ទាប់ពីការបាញ់សាកល្បងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ សហរដ្ឋអាមេរិក បានអំពាវនាវរកការឆ្លើយតបពីសហរដ្ឋអាមេរិកអន្តរជាតិចំពោះទង្វើផ្គើនជាថ្មីនេះ។ «សូមឱ្យការបាញ់សាកល្បងដែលបង្កហេតុនេះ កា្លយជាអំពាវនាវដល់ប្រជាជាតិទាំងអស់ឱ្យដាក់ទណ្ឌកម្មកាន់​តែធ្ងន់ធ្ងរបន្ថែមទៀត ប្រឆាំងនឹងប្រទេស កូរ៉េខាងជើង»នេះជាសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីសារព័ត៌មាន​ប្រចាំសេតវិមាន លោក Sean Spicer។

ចំពោះលោកត្រាំបានបង្ហាញការគាំទ្រជាខ្លាំងចំពោះដំណោះស្រាយដោយប្រើប្រាស់ទំនាក់ទំនងការទូតជាធម្យោបាយដើម្បីបញ្ឈប់ការឈ្លានពានរបស់កូរ៉េខាងជើង និងបញ្ឈប់ទង្វើរបស់កូរ៉េខាងជើង ប៉ុន្តែកាលពីខែមុន​លោកធ្លាប់លើកឡើង​ផងដែរថា លោកនឹងមិនដើរតួនាទីជាអ្នកដែលបង្កជម្លោះចំពោះកូរ៉េខាងជើង ខ្លាំងពេកនោះទេ ដែលនេះបង្ហាញថា គោលការណ៍របស់លោកហាក់តែងតែប្រែប្រួលជាប់ជានិច្ច៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា