(វ៉្លាឌីវ៉ូស្តូក)៖ ភ្នំភ្លើងល្បីឈ្មោះប្រចាំភាគខាងកើតប្រទេសរុស្ស៊ី ឈ្មោះ Klyuchevskoy បានផ្ទុះឡើងយ៉ាង​កក្រើកតែម្តងនៅថ្ងៃព្រហស្បតិ៍នេះ និងជះកម្អែលផេះឡើងលើអាកាសកម្ពស់ ៦,០០០ម៉ែត្រឯណោះ ប៉ុន្តែវាមិនបានបង្កឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ ដោយសារតែតំបន់ជុំវិញភ្នំភ្លើងនោះ ពុំសូវមានមនុស្សរស់នៅឡើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន​ស៊ិនហួរ នារសៀល​ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧។

សម្រាប់កម្រិតប្រកាសអាសន្ន ចេញដោយទីភ្នាក់ងាររុស្ស៊ីពេលនេះមានពណ៌ទឹកក្រូច ដែលជាកម្រិតធ្ងន់​គួរសមមួយផងដែរ។ ដំណើរកម្សាន្ត និងទស្សនកិច្ចនានា​ទៅកាន់តំបន់ក្បែរភ្នំភ្លើងនោះ​ត្រូវបានប្រកាសឲ្យ​ផ្អាកជា​បណ្តោះ​អាសន្ន រង់ចាំអាជ្ញាធរ​ធ្វើការប្រកាសពី​សុវត្ថិភាពនាពេល​ក្រោយទៀត។ ដោយឡែក​ផ្ទះប្រជាជន​ដែលនៅមិនឆ្ងាយពី​តំបន់ភ្នំភ្លើង ក៏ត្រូវបានគ្រប​ដណ្តប់ដោយ​កម្អែលផេះផងដែរ ប៉ុន្តែពុំមាន​សេចក្តីរាយការណ៍ អំពីគ្រោះមហន្តរាយ​ណាមួយបានកើតឡើង​នោះឡើយ។

គួរបញ្ជាក់ថា ភ្នំភ្លើង Klyuchevskoy (គ្លីយូឆេវស្កុយ) មានអាយុ ៧,០០០ឆ្នាំ និងកម្ពស់ ៤,៧៥០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ដែលវាជាភ្នំភ្លើងដ៏ខ្ពស់បំផុតនៅតំបន់អឺរ៉ុប-អាស៊ី។ ការផ្ទុះរបស់វាដ៏ខ្លាំងក្លាបំផុត ធ្លាប់បានកើតមាន​ឡើងកាលពីឆ្នាំ២០១៣៕