(សេអ៊ូល)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់បេសកជនពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន ថា ទីក្រុងវ៉ាស៊ីនតោនមានបំណងបង្កើតសន្តិភាពជាមួយកូរ៉េខាងជើង តាមរយៈនយោបាយបើកកិច្ចសន្ទនា បើសិនជាមានលក្ខខណ្ឌត្រឹមត្រូវដែលអាចទទួលយកបាន។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់សារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់ លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងជំនួបរយៈពេល ១៥នាទី ជាមួយបេសកជនពិសេសមកពីកូរ៉េខាងត្បូង លោក Hong Seok-hyun នៅ ឯសេតវិមានកាលពីថ្ងៃពុធ។ លោក Hong នៅចំពោះមុខអ្នកសារព័ត៌មានបានលើកឡើងយ៉ាងដូច្នេះថា «បើទោះជាបច្ចុប្បន្ន យើងកំពុងដាក់ទណ្ឌកម្ម និងសម្ពាធបន្ថែម តែគាត់ (លោក ត្រាំ) បាននិយាយថា មានបំណងបង្កើតសន្តិភាពជាមួយទីក្រុងព្យុងយ៉ាង តាមរយៈកិច្ចសន្ទនា បើសិនជាវាមានលក្ខខណ្ឌត្រឹមត្រូវ (...) ប៉ុន្តែទន្ទឹមគ្នា លោកក៏បានបញ្ជាក់ដែរថា កិច្ចចរចាជាមួយកូរ៉េខាងជើង មិនមែនត្រឹមតែជាកិច្ចចរចានោះទេ ពោលគឺសំដៅ ទៅលើលទ្ធផលដែលនឹងសម្រេចបានផងដែរ»។
ទោះបីជាយ៉ាងនេះក្ដី សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងធ្លាប់បានអះអាងថា កិច្ចចរចា ឬកិច្ចសន្ទនាជាមួយកូរ៉េខាងជើង អាចធ្វើទៅបាន លុះត្រាតែរបបដឹកនាំ លោក គីម ជុងអ៊ុន ព្រមបោះបង់ចោលមហិច្ឆតានុយក្លេអ៊ែរជាមុនសិន ដែលនេះគឺជារឿងមួយត្រូវបានគេគ្រប់គ្នាយល់ថា មិនអាចទៅរួច។ ត្បិតនៅក្នុងកែវភ្នែកថ្នាក់ដឹកនាំកូរ៉េខាងជើង អាវុធនុយក្លេអ៊ែរ គឺជាវិធានការការពារខ្លួនដ៏ប្រសើរបំផុត ពីការឈ្លានពានរបស់សត្រូវដូចជាសហរដ្ឋអាមេរិក។ ម្យ៉ាងវិញទៀត នៅពេលនេះកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង កាន់តែរីកចំរើនមុខដូចការចង់បានរបស់ លោក គីម ជុងអ៊ុន ដែលប្រាថ្នាចង់ក្លាយជារដ្ឋនុយក្លេអ៊ែរ ដើម្បីមានទឹកមាត់ប្រៃអង្គុយចរចា នឹងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃណាមួយ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Hong Seok-hyun ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលផ្លោងដោយជោគជ័យកាលពីសប្ដាហ៍មុន ហើយក្រៅតែពីសហរដ្ឋអាមេរិក លោក មូន ជេអ៊ីន ក៏បានបញ្ចូនបេសកជនពិសេសទៅកាន់ទីក្រុងប៉េកាំង ផងដែរដើម្បីពិភាក្សាលើសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង៕