(ឥណ្ឌា)៖ យុវជនឥណ្ឌាម្នាក់បានទទួលជ័យលាភីលេខមួយ នៅក្នុងការប្រកួតលក្ខណៈអន្តរជាតិមួយ ស្តីពីការបង្កើតប្រព័ន្ធផ្កាយរណប ហើយក្មេងប្រុសម្នាក់នេះ មិនត្រឹមតែបានបង្កើតផ្កាយរណបដ៏តូច និងស្រាលបំផុតលើលោកប៉ុណ្ណោះទេ ទីភ្នាក់ងារអវកាសអាមេរិក NASA ថែមទាំងបានយល់ព្រមបង្ហោះវា ទៅកាន់លំហអាកាសនៅខែក្រោយទៀតផង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីគេហទំព័រ Science Alert នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧។
ផ្កាយរណបតូចល្អិតនេះមានទម្ងន់តែ ៦៤ក្រាមប៉ុណ្ណោះ ហើយនឹងធ្វើដំណើរបេសកកម្មរយៈពេលបួនម៉ោង ទៅកាន់គន្លងអវកាស តាមរយៈការបាញ់បង្ហោះពីទីតាំងហោះហើរ Wallops ក្នុងរដ្ឋ Virginia របស់អង្គការ NASA នៅថ្ងៃទី២១ ខែមិថុនាខាងមុខនេះ។ យុវជនវ័យ១៨ឆ្នាំឈ្មោះ Rifath Shaarook បានឲ្យដឹងថា ផ្កាយរណបនេះ នឹងបំពាក់ប្រព័ន្ធកុំព្យូទ័រប្រភេទថ្មី រួមទាំង Sensors ចំនួន០៨ ដើម្បីធ្វើការវាស់ស្ទង់ល្បឿន រង្វិលជុំ និងដែនម៉ាញេទិចរបស់ផែនដី។
ក្មេងប្រុស Shaarook បាននាំយកឧបករណ៍បង្កើតថ្មីរបស់គេ ទៅកាន់ព្រឹត្តិការណ៍ប្រកួតប្រជែង Cubes in Space ដែលរៀបចំ និងឧបត្ថម្ភដោយអង្គការ NASA និងសមាគមអវកាសនៃរដ្ឋ Colardo។ ចំណោទបញ្ហាដែលត្រូវបានដាក់ចេញ ទៅកាន់សិស្សសាលានានា គឺធ្វើយ៉ាងណាបង្កើតឧបករណ៍មួយ ដែលអាចដាក់ចូលទៅក្នុងគូបទំហំបួនសង់ម៉ែត្រ និងមានទម្ងន់មិនលើសពី ៦៤ក្រាមឡើយ ហើយអ្វីដែលសំខាន់បំផុតនោះ វាត្រូវបានផ្តល់សារៈសំខាន់សម្រាប់វិស័យអវកាស។
គួរបញ្ជាក់ថា ផ្កាយរណបដ៏តូចនេះ ត្រូវបានឲ្យឈ្មោះថា KalamSat តាមឈ្មោះអ្នកវិទ្យាសាស្រ្តផ្នែកនុយក្លេអ៊ែរដ៏ល្បីល្បាញម្នាក់របស់ឥណ្ឌា និងជាប្រធានាធិបតីឥណ្ឌាលោក Abdul Kalam៕