(តូក្យូ)៖ សមាជិកគ្រួសារញាតិវង្ស ព្រះចៅអធិរាជជប៉ុន ព្រះនាងម្ចាស់ Mako អាចនឹងបោះបង់ខ្សែស្រឡាយរាជវង្ស ដើម្បីរៀបការជាមួយបុរសជាជនសាមញ្ញម្នាក់ ដែលព្រះនាងបានស្គាល់គ្នា អស់រយៈពេលជាង០៥ឆ្នាំមកនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដកស្រង់ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧។
យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន ព្រះនាងម្ចាស់ Mako មានព្រះជន្ម ២៥វស្សា និងជាចៅស្រីច្បង របស់ព្រះចៅអធិរាជជប៉ុន Akihito នឹងភា្ជប់ពាក្យជាមួយបុគ្គលិកក្រុមហ៊ុនច្បាប់ម្នាក់ឈ្មោះ Kei Komuro អាយុ២៥ឆ្នាំ ដែលព្រះនាងបានជួបកាលពីឆ្នាំ២០១២ ក្នុងវ័យសិក្សានៅឯសកលវិទ្យាល័យ International Christian University ក្នុងទីក្រុងតូក្យូ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ ខាងរាជវាំងជប៉ុនពុំទាន់ធ្វើការអត្ថាធិប្បាយនៅឡើយទេ ខណៈនៅពេល សួរពាក់ព័ន្ធនឹងគំរោងភ្ជាប់ពាក្យនេះ លោក Kei Komuro កាលពីថ្ងៃពុធបាននិយាយថា «នេះមិនមែនជាពេលវេលា សម្រាប់ឱ្យខ្ញុំធ្វើការអត្ថាធិប្បាយនោះទេ ប៉ុន្តែខ្ញុំនឹងនិយាយពីរឿងនេះ នៅពេលសាកសមណាមួយ»។
គួរបញ្ជាក់ថា បើតាមច្បាប់រាជវង្សជប៉ុន ព្រះនាងម្ចាស់ Mako នឹងក្លាយជារាស្ត្រសាមញ្ញ បើសិនជាទ្រង់រៀបការជាមួយ លោក Kei Komuro៕