(បាងកក)៖ រាជធានីបាងកក និងបណ្តាខេត្តជាច្រើនទៀតនៅភាគខាងជើង និងកណ្តាលប្រទេសថៃ បាននិងកំពុងប្រឈមមុខជាមួយការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លា ដែលបង្កជាទឹកជំនន់លិចផ្លូវថ្នល់ និងធ្វើឲ្យកកស្ទះចរាចរណ៍ ហើយបញ្ហានេះត្រូវបានគេព្យាករណ៍ថា នឹងបន្តរហូតដល់ថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧។
នាពេលប៉ុន្មានថ្ងៃនេះនៅតាមដងវិថីក្នុងសង្កាត់ជាច្រើន នៃទីក្រុងបាងកកត្រូវបានជន់លិចដោយសារតែមានភ្លៀងធ្លាក់ដូចទឹកបាក់ទំនប់ ជាបន្តបន្ទាប់បន្តគ្នារហូតមក ហើយខេត្តជាច្រើនផ្សេងទៀតនៅជុំវិញទីក្រុងបាងកក និងនៅប៉ែកខាងជើងនៃប្រទេសក៏បាននិងកំពុងជួបប្រទះបញ្ហាលំបាក ដោយសារគ្រោះធម្មជាតិដ៏អាក្រក់នេះដូចគ្នា។
គួរបញ្ជាក់ថា យោងតាមអគ្គនាយកដ្ឋានឧតុនិយមថៃ ទឹកភ្លៀងត្រូវបានគេព្យាករណ៍ថា នឹងបន្តធ្លាក់យ៉ាងជន់ជោរ នៅតាមតំបន់ភាគខាងជើង និងភាគកណ្តាល រហូតមកដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយនៅប៉ុន្មានថ្ងៃទៅមុខទៀតអាកាសធាតុ ក៏ពុំសូវជាល្អប៉ុន្មានដែរសម្រាប់តំបន់ទាំងនេះ ស្របពេលដែលប្រព័ន្ធសម្ពាធទាបមួយ ចល័តពីសមុទ្រ Andaman កំពុងសំដៅឆ្ពោះទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលស្ថិតនៅក្បែរភាគខាងលិច និងនិរតីប្រទេសថៃ៕