(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក​បានទទួលស្គាល់ថា អង្គរក្សប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan គឺជាអ្នកនៅពី​ក្រោយការប្រើប្រាស់​អំពើហិង្សា​ លើក្រុមបាតុករឃើដ ដែលបាន​ប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹង​ដំណើរទស្សនកិច្ច​របស់ លោក Erdogan មកកាន់ទីក្រុងវ៉ាស៊ីនតោន កាលពី​ថ្ងៃអង្គារ។ នេះបើតាមការ​ចេញផ្សាយ​ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧។

យោងតាមអាជ្ញាធរ​អាមេរិក ការប៉ះទង្គិចគ្នា​ដោយហិង្សា​រវាងក្រុមអ្នកគាំទ្រ និងប្រឆាំងលោក Erdogan នៅខាងក្រៅ​ស្ថានទូតតួកគី​ប្រចាំទីក្រុងវ៉ាស៊ីនតោន​ បានបង្កឱ្យមនុស្ស១២នាក់​រងរបួស ក្នុងនោះមានម្នាក់​ជាប៉ូលិស ខណៈមនុស្សចំនួន ០៩នាក់ បានចេញពីមន្ទីរពេទ្យហើយ ​រីឯ០២នាក់ផ្សេង ទៀតត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធនឹងអំពើ​ហិង្សានេះ។ ចំណែកឯ​ក្រសួងការបរទេស​អាមេរិក ក៏បានបង្ហាញក្ដី​បារម្ភជាខ្លាំង ​ទៅកាន់​រដ្ឋាភិបាលតួកគី​ផងដែរ។

គួរបញ្ជាក់ថា បើតាមសារព័ត៌មាន​តួកគី Anado​lu កងអង្គរក្សរបស់លោក Erdogan បានចូលរួមបំបែក​ហ្វូងបាតុករដែលនៅកកកុញពីមុខស្ថានទូតអង់ការ៉ា ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ដោយសារតែអាជ្ញាធរអាមេរិក មិនបានស្ដាប់ការ​ស្នើសុំអន្តរគមន៍​ពីខាងតួកគី៕