(វ៉ាស៊ីនតោន)៖ មកទល់ពេលនេះរដ្ឋបាល លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងក្បត់ពាក្យសន្យាកាលពីអំឡុងការធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោតមួយទៀត តាមរយៈការមិនផ្លាស់ប្តូរស្ថានទូតអាមេរិក នៅក្នុងប្រទេសអ៊ីស្រាអែល ពីទីក្រុង តែល អាវីវ (Tel Aviv) ទៅកាន់ទីក្រុង ហ្សេរុយសាឡឹមនោះឡើយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាមេរិក ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧។
ដោយដកស្រង់សម្តីររបស់មន្រ្តីសេតវិមាន មិនបញ្ចេញអត្តសញ្ញាណម្នាក់ សារព័ត៌មាន Bloomberg បានធ្វើសេចក្តីរាយការណ៍នាថ្ងៃព្រហស្បតិ៍នេះថា សេតវិមានអាមេរិក ជឿជាក់ខ្ពស់ថា ការចេញមុខទទួលស្គាល់ទីក្រុង Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល នឹងមិនមែនជាការសម្រេចចិត្ត ដ៏ល្អមួយនោះឡើយនាពេលនេះ។ មន្រ្តីរូបនោះបានបន្តថា «យើងធ្លាប់បានបង្ហាញពីគោលជំហរយ៉ាងច្បាស់របស់យើង និងអ្វីដែលយើងចង់ឃើញថា នឹងសម្រេចបាន ក៏ប៉ុន្តែពួកយើងនឹងមិនទៅធ្វើឲ្យនរណាម្នាក់រង្គាសចិត្តជាដាច់ខាត នៅពេលដែលអ្នករាល់គ្នាកំពុងប្រកាន់ ឬកពារយ៉ាងល្អនោះ»។
គួររំលឹកថា កាលពីអំឡុងនៃការធ្វើយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានសន្យាយ៉ាងមុតមាំថា នឹងផ្លាស់ប្តូរស្ថានទូតអាមេរិកពីទីក្រុង Tel Aviv នៃប្រទេសអ៊ីស្រាអែលទៅកាន់ទីក្រុង Jerusalem ដ៏ចម្រូងចម្រាស ហើយអនុប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក Mike Pence បានថ្លែងកាលពីដើមខែឧសភានេះថា លោក ត្រាំ បាននិងកំពុងធ្វើការពិចារណា យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ចំពោះការផ្លាស់ប្តូរទីតាំងនេះ។
គួរបញ្ជាក់ដែរថា ស្ថានភាពនៃទីក្រុង Jerusalem សព្វថ្ងៃនៅតែបន្តជាបញ្ហាស្នូលដ៏សំខាន់ នៅក្នុងវិបត្តិអ៊ីស្រាអែល-ប៉ាឡេស្ទីន ហើយមកទល់ពេលនេះ សហគមន៍អន្តរជាតិពុំមានការទទួលស្គាល់ Jerusalem ថាជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែលឡើយ។ ម៉្យាងវិញទៀតក៏គ្មានប្រទេសណាមួយ ដាក់ស្ថានទូតរបស់ពួកគេនៅក្នុងទីក្រុងនេះដែរ៕