(យូអិន)៖ ប្រទេសវេណេស៊ុយអេឡា បានចេញមុខទាត់ចោលចេតនារបស់សហរដ្ឋអាមេរិក ដែលចង់យកវិបត្តិផ្ទៃក្នុងនៃប្រទេសអាមេរិកឡាទីនមួយ (បាតុកម្មបង្ហូរឈាមអូសបន្លាយរាប់ខែ និងវិបត្តិសេដ្ឋកិច្ច) ទៅដោះស្រាយនៅចំពោះមុខ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC)។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧។
អគ្គរដ្ឋទូតវេណេស៊ុយអេឡាប្រចាំ UN លោក Rafael Ramirez បានប្រាប់អ្នករាយការណ៍ព័ត៌មាននានានៅក្នុងបទសង្ខេបព័ត៌មានមួយ ក្នុងបន្ទប់ពិភាក្សារបស់ UNSC ថា «យើងស្ថិតនៅក្រៅយន្តការរបស់ក្រុមប្រឹក្សាសន្តិសុខ ពីព្រោះយើងមិនមែនជាប្រទេសដែលបង្កការគំរាមកំហែងដល់សន្តិសុខ និងសន្តិភាពរបស់ពិភពលោក ឬសូម្បីតែក្នុងតំបន់របស់យើងឡើង។ វាគឺជារឿងផ្ទៃក្នុងរបស់ប្រទេសយើង ហើយយើងទទួលខុសត្រូវលើប្រជាជនរបស់យើង និងដោះស្រាយបញ្ហាក្នុងប្រទេសយើង ដោយច្បាប់របស់យើង»។
គួរបញ្ជាក់ថា សមាជិកទាំង ១៥ប្រទេសរបស់ UNSC បានបើកកិច្ចប្រជុំមិនផ្លូវការមួយ កាលពីពេលថ្មីៗនេះតបតាមការស្នើសុំរបស់អគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Nikki Haley ដែលជាចេតនាចង់យករឿងរ៉ាវដ៏ចម្រូងចម្រាសនៅក្នុងប្រទេសវេណេស៊ុយអេឡា ទៅដោះស្រាយក្នុងក្របខ័ណ្ឌតំបន់ ឬអន្តរជាតិ ដោយអាមេរិកអះអាងថា វាជាវិបត្តិមនុស្សជាតិដែលគួរតែមានការលូកដៃ ចូលដោះស្រាយពី UN។
គួររំលឹកផងដែរថា យុវវ័យម្នាក់ទៀតវ័យ ១៥ឆ្នាំ បានស្លាប់នៅក្នុងបាតុកម្មដ៏បង្ហូរឈាម ដែលបានអូសបន្លាយរាប់ខែមកហើយ នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ នាំឲ្យមនុស្សស្លាប់សរុបកើនឡើងដល់ចំនួន ៤៣នាក់ និងរបួសជាង ៦០០នាក់។ ជុំវិញករណីស្លាប់យុវវ័យឈ្មោះ Jose Francisco Guerrero នេះ ត្រូវបានរដ្ឋាភិបាលវេណេស៊ុយអេឡា ចេញបញ្ជាទៅប៉ូលិសឲ្យបើកការស៊ើបអង្កេតរកមុនជនដៃដល់ ខណៈដែលបុរសវ័យក្មេងរូបនេះ ត្រូវបានគេបាញ់ចំកណ្តាលខ្នងបណ្តាលឲ្យស្លាប់ អំឡុងពេលធ្វើបាតុកម្មនៅក្នុងរដ្ឋ Tachira ភាគខាងលិចប្រទេស៕