(សេអ៊ូល)៖ បន្ទាប់ពីមាន​ការដាក់ពង្រាយ​ ប្រព័ន្ធខែលការពារមីស៊ីលដ៏ទំនើប THAAD របស់សហរដ្ឋអាមេរិក​នៅលើទឹក​ដី​​កូរ៉េ​ខាង​ត្បូង និងការធ្វើតេស្តបាញ់មីស៊ីលផ្លោងដ៏ខ្លាំងបំផុត ដោយជោគជ័យ​កាលពីថ្ងៃអាទិត្យ របស់របបដឹកនាំ​ទីក្រុងព្យុងយ៉ាង ​ប្រធានាធិបតី​កូរ៉េខាងត្បូងថ្មី​លោក មូន ជេអ៊ីន បានប្រកាសថា សង្រ្គាមជាមួយកូរ៉េខាងជើង មានលទ្ធភាពអាចនឹងផ្ទុះឡើង​ខ្ពស់។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧។

បន្ថែមពីការបង្ហាញពីគោលបំណងរបស់លោក ក្នុងការបន្តបើកកិច្ចចរចា​សាជាថ្មីជាមួយ​កូរ៉េខាងជើង មេដឹកនាំកូរ៉េខាង​ត្បូងរូបនេះ​ បានថ្លែងសង្កត់​ធ្ងន់ទៀតថា «ធាតុពិតជាក់ស្តែង ការប៉ះទង្គិចផ្នែកយោធា ទំនងជាអាចនឹងកើត​មានឡើង នៅតាមតំបន់​​ព្រំដែន​រវាងប្រទេសទាំងពីរ»។ ការគូសបញ្ជាក់​របស់លោក មូន ត្រូវបានធ្វើឡើង នៅក្រោយពេល​ដែលទីក្រុងព្យុងយ៉ាង បាន​ចេញសេចក្តី​ថ្លែងការណ៍ អះអាងថា នឹងនៅតែបន្តសកម្មភាព​បង្កហេតុ​យ៉ាងគគ្លើនរបស់ខ្លួន ដោយមិនខ្វល់ពីការ​ដាក់ទណ្ឌកម្ម​ក៏ដូចជាការហាមឃាត់ របស់​ក្រុមប្រឹក្សាសន្តិសុខ​នៃអង្គការ​សហប្រជាជាតិ​ឡើយ។

គួរបញ្ជាក់ថា នាថ្ងៃពុធ​ម្សិលមិញនេះ ក្រសួងការពារជាតិ​​កូរ៉េខាងត្បូង​​បានឲ្យដឹងថា កម្មវិធីមីស៊ីលផ្លោង​របស់កូរ៉េខាងជើង​ កំពុងតែវិវឌ្ឍន៍​ទៅមុខ​យ៉ាងឆាប់​រហ័ស​​ជាងការរំពឹងទុក ស្របពេល​ដែលការធ្វើ​តេស្តមីស៊ីល​នោះ ត្រូវចាប់សញ្ញា​បា​នដោយ​ប្រព័ន្ធ​ខែល​​​ការពារមីស៊ីល THAAD របស់​សហរដ្ឋអាមេរិក ដែលត្រូវបាន​ដាក់​ពង្រាយនៅក្នុង​ទឹកដី​​កូរ៉េខាងត្បូង​ កាលពីខែមុន៕