(​វ៉ាស៊ីនតោន)៖ កាសែត New York Times បានរាយការណ៍ថា កាលពីខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើសុំឱ្យនាយក FBI លោក James Comey​ បិទបញ្ចប់ការស៊ើបអង្កេតលើអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Michael Flynn​ ពាក់ព័ន្ធនឹងការសង្ស័យថា លោកមានទំនាក់ទំនងជាមួយទីក្រុងមូស្គូ។ ព័ត៌មាននេះកំពុងធ្វើឱ្យគេជឿជាក់ថា វាអាចជាមូលហេតុមួយដែលលោក ត្រាំ សម្រេចចិត្តដេញ លោក Comey ពីដំណែងនាយក FBI។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ ពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៧។

យោងតាម N​ew York Times គ្រាន់តែបានលឺការស្នើសុំនេះភ្លាម លោក Comey បានសរសេរកំណត់ហេតុមួយទុក ដោយលោកបញ្ជាក់ថា លោកត្រាំ បានប្រាប់លោកដូច្នេះថា៖ «ខ្ញុំសង្ឃឹមថាអ្នក (Comey​) នឹងបណ្ដោយឱ្យរឿងនេះកន្លងហួសទៅចុះ ហើយខ្ញុំក៏សង្ឃឹមដែរថា អ្នកអាចធ្វើការសន្និដ្ឋានមួយដ៏ល្អក្នុង ការទុកឱ្យរឿងលោក Flynn​ កន្លងហួស និងថាគាត់ជាមនុស្សល្អ»។ តែទោះយ៉ាងណា ខាងសេតវិមានបានបដិសេធ ការលើកឡើងនេះ ដោយចាត់ទុកថាវាគឺជារឿងមិនពិត រីឯលោក ដូណាល់ ត្រាំ ក៏មិនដែលបានស្នើសុំបែបនេះដែរ។  ​

គួររំលឹកថា លោក Michael Flynn បានលាលែងពីតំណែងជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក កាលពីថ្ងៃទី១៣ ខែកុម្ភៈ ក្រោយលេចលឺព័ត៌មាន ជាច្រើនថាលោក មានទំនាក់ទំនងជាមួយអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Sergueï Kisliak។​ ដោយឡែក លោក Comey វិញត្រូវ បានលោក ត្រាំ បណ្ដេញចេញពីតំណែងកាលពីសប្ដាហ៍មុន ក្រោមហេតុផលសមត្ថភាព។ ក៏ប៉ុន្តែបើគេចាំមិនភ្លេចទេ លោកត្រាំផ្ទាល់គឺជាអ្នកស្នើ ឱ្យលោក Comey​ បន្តកាន់តំណែងជានាយក FBI​ ហើយលោកក៏ធ្លាប់បានសរសើរមិនដាច់ពីមាត់ពីសមត្ថភាពរបស់លោក Comey​ ផងដែរ៕