(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់សម្លេង កិច្ចសន្ទនារវាងប្រមុខការទូត រុស្ស៊ីលោក Sergueï Lavrov និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលត្រូវបានគេចោទប្រកាន់ថា បានបង្ហើបឯកសារសម្ងាត់ជាតិ នៅអំឡុងជំនួបនាពេលថ្មីៗនេះក្នុងទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន នៅថ្ងៃពុធនេះជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Paolo Gentiloni នៅឯទីក្រុង Sotchi លោក ពូទីនបាន បញ្ជាក់ដូច្នេះថា៖ «បើសិនជារដ្ឋបាលអាមេរិក គិតថាវាជារឿងត្រឹមត្រូវ យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្ដល់សម្លេងកិច្ចសន្ទនារវាង លោក ដូណាល់ ត្រាំ និងលោក Sergueï Lavrov ដល់សភា និងព្រឹទ្ធសភាអាមេរិក តែយើងអាចធ្វើបែបនេះបាន លុះត្រាតែរដ្ឋបាលអាមេរិក ចង់បាន»។
គួរបញ្ជាក់ថា បើតាមកាសែត Washington Post ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបព័ត៌មានសម្ងាត់ជាតិពាក់ព័ន្ធនឹង ក្រុមភេរវករ ISIS និងសុវត្ថិភាពហោះហើរ ប្រាប់ប្រមុខការទូតរុស្ស៊ីលោក Sergueï Lavrov ព្រមទំាងអគ្គរដ្ឋទូតរុស្ស៊ី លោក Sergei Kislyak នៅក្នុងជំនួបមួយកាលពីសប្ដាហ៍មុន នៅឯសេតវិមាន។ ក៏ប៉ុន្តែខាងសេតវិមាន បានច្រានចោលការលើកឡើងនេះ រីឯលោក ត្រាំខ្លួនឯងបែរជា អះអាងថាលោកមានសិទ្ធិចែករំលែកព័ត៌មានជាមួយទីក្រុងមូស្គូទៅវិញ៕