(បាងកក)៖ នាថ្ងៃអង្គាម្សិលមិញនេះ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានឡើងថ្លែងការពាររាល់ការសម្រេចចិត្តទាំងអស់ ដែលរូបលោកដែលបាន ធ្វើឡើងនៅក្នុងអំឡុងពេល នៃការកាន់អំណាចអស់រយៈពេលបីឆ្នាំកន្លងមកនេះ ដោយនាឱកាសនោះលោក ប្រាយុទ្ធ បានបញ្ជាក់ឲ្យដឹងថា លោកមានក្តីព្រួយបារម្ភក្រៃលែងចំពោះប្រទេសជាតិ ជាជាងលទ្ធិប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅល្ងាចថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៧។
ថ្លែងនៅមុនគម្រប់ខួបបីឆ្នាំ នៃការធ្វើរដ្ឋប្រហារយោធាកាលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ លោក ប្រាយុទ្ធ ចាន់អូចា ដែលជាប្រធានក្រុមប្រឹក្សាជាតិទទួលបន្ទុក ការពារសន្តិភាពនិងសណ្តាប់ធ្នាប់ (NCPO) បានបន្ថែមថា លោកកំពុងខិតខំប្រឹងប្រែងយ៉ាងអស់ពីលទ្ធភាពដើម្បីកសាងប្រទេសឲ្យរីកចម្រើនទៅមុខ ហើយស្របពេលជាមួយគ្នាដោះស្រាយបញ្ហាសង្គម ក៏ដូចជាសេដ្ឋកិច្ច។
លោកនាយករដ្ឋមន្រ្តីថៃបានបន្តទៀតថា៖ «អ្នកខ្លះមិនចូលចិត្ត ឬមិនយល់អំពីអ្វីដែលរូបខ្ញុំបានធ្វើ ហើយពួកគេបានចោទប្រកាន់ ខ្ញុំថាកំពុងព្យាយាមអូសបន្លាយ ពេលវេលា និងតោងទាមអំណាច។ ក៏ប៉ុន្តែកុំបារម្ភខ្ញុំនឹងប្រគល់បញ្ហាទាំងឡាយណា ដែលខ្ញុំមិនទាន់ដោះស្រាយចប់សព្វគ្រប់រួចរាល់ទៅឲ្យរដ្ឋាភិបាល បន្ទាប់នាពេលអនាគត»។ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា រដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងចាក់គ្រឹះដ៏រឹងមាំមួយ សម្រាប់ប្រទេសជាតិនាថ្ងៃមុខ តែក្រុមអ្នករិះគន់ដើម្បីតែរិះគន់ បានបំភ្លៃធាតុពិតជាក់ស្តែងទៅជារឿងអាក្រក់ ហើយធ្វើដូចជាប្រទេសកំពុងជូបភាពធ្លាក់ចុះដុនដាបទៅវិញ។
លោក ប្រាយុទ្ធ បានបន្ថែមថា របបដឹកនាំសព្វថ្ងៃបានផ្តោតយកចិត្តទុកដាក់សំខាន់ទៅលើ ការជួយដល់អ្នកដែលទទួលបានប្រាក់កម្រៃទាប ប៉ុន្តែនេះមិនមែន មានន័យថា រដ្ឋាភិបាលយោធានឹងដាក់ចេញនូវកម្មវិធីឧបត្ថម្ភធនធាន ឬចែកចាយថវិកាសន្ធឹកសន្ធាប់ទទេៗជូនប្រជាពលរដ្ឋឡើយ។
ជាចុងក្រោយអតីតមេទ័ពថៃរូបនេះ បានធ្វើការអំពាវនាវដល់សាធារណជនថៃទាំងអស់ កុំឲ្យចាញ់បោកពាក្យសន្យាខ្យល់របស់អ្នកនយោបាយ ដោយលោកបាន ផ្តែរផ្តាំយ៉ាងដូច្នេះថា «កុំជឿលង់នឹងពាក្យសម្តីរសន្យារបស់ពួកគេ ឬអ្វីៗដែលពួកគេថានឹងធ្វើនៅពេលពួកគេបានឡើងកាន់អំណាចឲ្យសោះនោះ»៕