(ប៉េកាំង)៖ យោងតាមសារព័ត៌មាន​មួយរបស់​រដ្ឋាភិបាលចិន ដែលបានផ្តល់​ព័ត៌មានលម្អិតថ្មីបន្ថែម អំពីការបង្កើន​ឥទ្ធិពល​យោធា​​​របស់​ចិន ទីក្រុងប៉េកាំង​បានដាក់តំឡើង​ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត​មួយចំនួន នៅលើតំបន់​ថ្មប៉ប្រះទឹក​មួយកន្លែង ក្នុង​ដែន​សមុទ្រ​ចិនខាងត្បូង​ដែលមាន​បញ្ហាវិវាទ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅល្ងាច​ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៧។

សារព័ត៌មានរដ្ឋ Defence Times នាពេលថ្មីៗនេះបានឲ្យដឹង​នៅក្នុងសេចក្តី​រាយការណ៍មួយ​ លើបណ្តាញ​សង្គម WeChat ថា ប្រព័ន្ធបាញ់​គ្រាប់រ៉ុក្កែត​ប្រភេទ ​Norinco AS/AR-1 ជាមួយនិង​សមត្ថភាពតាម​ស្វែងរក កំណត់គោលដៅ និងវាយប្រហារ​ទៅ​លើ​ក្រុមសត្រូវ​ ដែលមុជចូលក្រោមផ្ទៃទឹកនោះ ត្រូវបានតំឡើង​នៅលើតំបន់​ថ្មប៉ប្រះទឹក Fiery Cross ស្ថិតក្នុងប្រជុំកោះ Spartly Island នៃដែន​សមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថា តំបន់ថ្ម​ប៉ប្រះទឹក Fiery Cross បច្ចុប្បន្នស្ថិត​ក្រោមការគ្រប់គ្រង​របស់ចិន ប៉ុន្តែក៏ត្រូវ​បានការទាមទារ​ដោយ​ហ្វី​លី​ពីន ​វៀត​ណាម និងតៃវ៉ាន់ផងដែរ។ យ៉ាងណាមិញ​សេចក្តីរាយការណ៍​ខាងលើ ពុំបានបញ្ជាក់ថា ប្រព័ន្ធការពារនេះ ត្រូវបានតំឡើង​កាលពីពេល​ណានោះ​ឡើយ ដោយគ្រាន់តែ​បង្ហើបថា វាស្ថិតក្នុងផ្នែក​នៃវិធានការ​ឆ្លើយតបមួយ ដែលបានចាប់ផ្តើម​កាលពីខែឧសភា ឆ្នាំ២០១៤ នៅ​ពេលដែល​ក្រុមទាហានមុជទឹកវៀតណាម បានបង្កប់សំណាញ់​ចាប់ត្រីធំៗ​ជាច្រើន នៅប្រជុំកោះ Paracel៕