(អាមេរិក)៖ លោក Fethullah Gulen គឺជាអ្នកប្រាជ្ញសាសនាអ៊ីស្លាម ជាអ្នកអធិប្បាយ និងជាសកម្មនិយមមួយរូប។ «ខណៈពេលដែលប្រធានាធិបតីនៃសហរដ្ឋអាមេរិក និងប្រទេសតួកគីជួបគ្នា កាលពីថ្ងៃអង្គារ កន្លងមកនេះ មេដឹកនាំនៃប្រទេសដែលខ្ញុំបានស្នាក់អាស្រ័យជាង២ទស្សវត្សរ៍មកហើយ បានមកជួបគ្នា នឹងមេដឹកនាំនៃប្រទេសកំណើតរបស់ខ្ញុំផ្ទាល់។ ប្រទេសទាំងពីរនេះមានសហប្រតិបត្តិការ ជាច្រើន រួមគ្នាក្នុងការវាយប្រហារក្រុមរដ្ឋអ៊ីស្លាម ដែលបានធ្វើឲ្យមានភាពវឹកវរ ក្នុងប្រទេសស៊ីរីកន្លងមក។» នេះបើតាមសម្តីលោក Gulen។
អ្នកប្រាជ្ញអ៊ីស្លាមរូបនេះបានបន្តទៀតថា «ជាអកុសលប្រទេសទួរគីដែលខ្ញុំធ្លាប់ស្គាល់ពីមុនថា ជាប្រទេសដែលផ្តល់នូវក្តីសង្ឃឹម ក្នុងការជ្រើសរើសដោយសេរីតាមលិទ្ធិប្រជាធិបតេយ្យ មិនប្រកាន់លិទ្ធិសាសនាណាមួយ បានប្រែក្លាយជាប្រទេសដែលបានផ្តល់នូវសិទ្ធិអំណាចទាំងអស់ ទៅឲ្យប្រធានាធិបតីដែលអាចធ្វើអ្វីៗបានគ្រប់បែបយ៉ាង ហើយអាចដាក់សម្ពាធទៅលើអ្នកដ៏ទៃទៀតផង។ សហភាពអឺរ៉ុបគួរតែជ្រោមជ្រែងប្រទេសតួកគី ឲ្យដើរទៅរកសភាពដើមនៃលិទ្ធិប្រជាធិបតេយ្យវិញ។ ការជួបប្រជុំនាថ្ងៃអង្គារ និងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) គឺជាឱកាសដ៏ល្អមួយ ដើម្បីជំរុញការខិតខំប្រឹងប្រែងនេះ សម្រេចបានដោយជោគជ័យ»។
ចាប់តាំងពីរដ្ឋប្រហារបរាជ័យពីថ្ងៃ១៥ ខែកក្កដា បន្ទាប់ពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យនៃប្រទេសទួរគី ប្រធានាធិបតីទួរគី លោក រេសិប តាយយីប អឺដូហ្គាន់ បានធ្វើទុកបុកម្នេញជនស្លូតត្រង់ ដោយមាន ការចាប់ខ្លួនឃុំឃាំង និងការបណ្តេញចេញពីការងារ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ របស់មនុស្សប្រមាណជាង ៣០០,០០០នាក់ ក្នុងនោះមានពួកជនជាតិឃឺដ អាលេវីស ពួកឆ្វេងនិយម ពួកអ្នកកាសែត សាស្ត្រាចារ្យ និងអ្នកគាំទ្រចលនាហ៊ីសម៉ាត់ ដែលជាចលនាមនុស្សធម៌ សន្តិវិធីដែលលោក Gulen បានចូលរួមគាំទ្រ។
«ចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេចមួយនេះ ខ្ញុំចង់ថ្កោលទោស ហើយបានបដិសេធថា ខ្ញុំមិនមានការពាក់ព័ន្ធណាមួយឡើយទៅលើរឿងនេះ។ លើសពីនេះទៅទៀត ខ្ញុំបាននិយាយថា នរណាម្នាក់ហើយ ដែលបានចូលរួមក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ គឺគាត់កំពុងតែបានក្បត់នឹងផ្នត់គំនិតរបស់ខ្ញុំយ៉ាងពិតប្រាកដ។ ទោះបីជាយ៉ាងណាក្តី ដោយមិនមានភស្តុតាងច្បាស់លាស់ លោក អឺដូហ្គាន់ បែរជាបកចោទប្រកាន់រូបខ្ញុំថា បានរៀបចំ ធ្វើរដ្ឋប្រហារនេះឡើងពីចំងាយជិត ៨,០០០គីឡូម៉ែត្រទៅវិញ។» នេះការសង្កត់ធ្ងន់របស់លោក Gulen។
សម្រាប់ថ្ងៃបន្ទាប់ពីរដ្ឋប្រហារភ្លាមៗនោះ រដ្ឋាភិបាលបានបញ្ចេញបញ្ជីឈ្មោះមនុស្សរាប់ពាន់នាក់ ដែលពួកគាត់ជាអ្នកដែលគាំទ្រនូវចលនាហ៊ីសម៉ាត់ ឬគ្រាន់តែបើកគណនីនៅធនាគារ អ្នកបញ្ជូនកូនមកសិក្សាក្នុងសាលារៀន ដែលមានទំនាក់ទំនងនឹងចលនាហ៊ីសម៉ាតក៏ដោយ។ បញ្ជីឈ្មោះនេះរួមបញ្ចូលមនុស្ស ដែលបានទទួលមរណភាពរួចទៅហើយ ដែលពួកគេបានបម្រើការឲ្យទីស្នាក់ការកណ្តាលរបស់ អង្គការណាតូនៅអ៊ឺរ៉ុបនាពេលនោះ។
អង្គការអង្កេតការណ៍អន្តរជាតិបានរាយការណ៍ អំពីករណីចាប់ជំរិតជាច្រើន បន្ថែមទៅការធ្វើទារុណកម្ម និងការស្លាប់ ខណៈពេលស្ថិតក្រោមការឃុំឃាំង។ លើសពីនេះទៅទៀត រដ្ឋាភិបាលបានដេញប្រមាញ់ ជនស្លូតត្រង់នៅក្រៅប្រទេសតួកគី ដោយដាក់សម្ពាធទៅប្រទេសម៉ាឡេស៊ី ឲ្យចាប់ខ្លួននិរទេសអ្នកគាំទ្រចលនាហ៊ីសម៉ាត់ កាលពីបីសប្តាហ៍មុន ដែលគាត់ជានាយកសាលាមួយរូប បានរស់នៅប្រទេសម៉ាឡេស៊ីជាងមួយទស្សវត្សរ៍មកហើយ ត្រូវចាប់បញ្ជូនទៅប្រទេសតួកគីវិញ ដើម្បីប្រឈមមុខនឹងការជាប់ពន្ធធានាគារ និងអាចឈានទៅដល់ការធ្វើទារុណកម្ម មួយចំនួនទៀត។
នាខែមេសាកន្លងទៅ ប្រធានាធិបតីបានទទួលសម្លេងគាំទ្រក្នុងការបោះឆ្នោតប្រជាមតិ ដោយមានការក្លែងបន្លំសន្លឹកឆ្នោតយ៉ាងសន្ធឹកសន្ធាប់ ដើម្បីបង្កើតអំណាច «ប្រធានាធិបតីនិយម» ដោយគ្មានការត្រួតពិនិត្យ និងតុល្យភាព ដើម្បីឲ្យលោកមានសិទ្ធិត្រួតត្រាលើស្ថាប័នកំពូលទាំងបី របស់រដ្ឋាភិបាលយ៉ាងងាយស្រួល។ តាមរយៈការធ្វើបន្សុទ្ធកម្ម និងអំពើពុករលួយ អំណាចទាំងអស់នេះមាននៅក្នុងដៃថ្នាក់ដឹកនាំ ស្រាប់ទៅហើយ។ អ្វីដែលជាការព្រួយបារម្ភរបស់ខ្ញុំគឺថា ប្រទេសតួកគី និងប្រជាជនតួកគី កំពុងដើរទៅរកដំណាក់កាលថ្មីមួយនៃលិទ្ធិផ្តាច់ការ។
ពីដំបូងឡើយវាមិនបានចាប់ផ្តើមបែបនេះទេ ចំពោះគណបក្ស AKP ជាគណបក្សកាន់អំណាចដែលបានទទួលជោគជ័យ ជាលើកដំបូងក្នុងឆ្នាំ២០០២ ដោយសន្យាថា នឹងធ្វើកំណែទម្រង់ប្រជាធិបតេយ្យ ក្នុងការចូលជាសមាជិករបស់សហភាពអ៊ឺរ៉ុប។ បន្ទាប់មកទៀត លោក អឺដូហ្គាន់ បានប្រឆាំងជាមួយនឹងពួកមិនគាំទ្រលោក ដោយយកទាញយក ក្រុមហ៊ុនសារព័ត៌មានឯកជនជាច្រើនមកជាកម្មសិទ្ធិរដ្ឋ។
បន្ទាប់មកនៅឆ្នាំ២០១៣ បានកើតព្រឹត្តិការណ៍បាតុកម្ម ក្នុងសួនច្បារមួយមានឈ្មោះថា ហ្គេសី។ ក្នុងខែធ្នូនៃឆ្នាំដដែល នៅពេលដែលសមាជិកគណៈរដ្ឋមន្រ្តីរបស់លោកមួយរូប ត្រូវបានស៊ើបអង្កេតពាក់ព័ន្ធទៅនឹងអំពើពុករលួយមួយដ៏ធំ លោកបានឆ្លើយតបដោយឲ្យមានការកាត់ក្តីដោយតុលាការ និងមានការផ្សព្វផ្សាយតិចតួចបំផុត។ ការប្រកាសដាក់រដ្ឋក្នុងសភាពអាសន្ន បន្ទាប់ពីក្រោយថ្ងៃ១៥ ខែកក្កដា គឺនៅតែបន្តមានឡើង។ បើយោងតាមអង្គការលើកលែងទោសអន្តរជាតិមួយ បានបញ្ជាក់ថា ១/៣ នៃអ្នកកាសែតដែល ជាប់ឃុំខ្លួននៅក្នុងពិភពលោក ស្ថិតក្នុងប្រទេសតួកគី។
ការធ្វើទុកបុកម្នេញរបស់លោក អឺដូហ្គាន់ មិនមែនជាការធ្វើការដាក់កម្រិត តែលើប្រជាជនក្នុងស្រុកនោះទេ វាជាការបង្ខិតបង្ខំជនស៊ីវិល អ្នកកាសែត និងជនជាតិឃឺដនៃប្រទេសតួកគី ដែលកំពុងគំរាមកំហែង ហើយអាចប៉ះពាល់ដល់ស្ថិរភាពរបស់ប្រទេសនេះផងដែរ។ ជាក់ស្តែងប្រជាជតួកគីបានប្រេះឆាគ្នាយ៉ាងខ្លាំងរួចទៅហើយ លើរបបដឹកនាំរបស់គណបក្ស AKP នេះ។ យ៉ាងណាមិញ ប្រទេសតួកគីស្ថិតក្រោមការគ្រប់គ្រងដោយរបបផ្តាច់ការ ផ្តោតសំខាន់លើរ៉ាឌីកាល់អំពើហិង្សា និងជំរុញពលរដ្ឋឲ្យមានភាពស្អប់ខ្ពើមទៅកាន់ជនជាតិឃឺដ ទាំងអស់នេះ អាចជាសុបន្តិអាក្រក់សម្រាប់សុខសន្តិភាព របស់ប្រទេសបញ្ចឹមបូព៌ានោះដែរ។
ពលរដ្ឋតួកគីត្រូវការការសម្របសម្រួលពីសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ក្នុងការជួយសង្គ្រោះនៃរបបលិទ្ធិប្រជាធិបតេយ្យឡើងវិញ។ តួកគីបានចាប់ផ្តើមយកពហុបក្ស ក្នុងការប្រកួតប្រជែងសម្លេងគាំទ្រតាំងតែពីឆ្នាំ ១៩៥០មកម្លេះ ដោយបានចូលជាសមាជិកអង្គការណាតូ។ ជាការស្នើសុំពីសមាជិកភាពរបស់អង្គការ អង្គការណាតូអាច និងគួរតែទាមទារឲ្យប្រទេសទួរគីប្តេជ្ញាចិត្ត ក្នុងការគោរពបទដ្ឋានសម្ព័ន្ធភាពរបស់លិទ្ធិប្រជាធិបតេយ្យ។
វិធានការពីរដែលមានសារៈសំខាន់ក្នុងការផ្លាស់ប្តូរ និងកែតម្រង់លិទ្ធិប្រជាធិបតេយ្យនៅប្រទេសតួកគីបាននោះគឺ៖
ទី១៖ ត្រូវពង្រឹងឡើងវិញនូវរដ្ឋធម្មនុញ្ញ ដែលបម្រើជនស៊ីវិល តាមរយៈដំណើរការនៃរបបប្រជាធិបតេយ្យ ដែលបញ្ចូលគ្រប់ផ្នែកទាំងអស់នៃសង្គមវិជ្ជា ឲ្យស្មើនឹងបទដ្ឋាននៃច្បាប់ និងមនុស្សធម៌ ដែលគួរតែយកតម្រាប់ពីភាពជោគជ័យ នៃលទ្ធិប្រជាធិបតេយ្យដ៏យូរអង្វែងនៃប្រទេសលោកខាងលិច។
ទី២៖ ត្រូវធ្វើកំណែទម្រង់វិស័យអប់រំ និងកម្មវិធីសិក្សាដែលសង្កត់ធ្ងន់លើ តម្លៃនៃលទិ្ធប្រជាធិបតេយ្យ និងពហុនិយម និងការលើកទឹកចិត្តលើការត្រិះរិះពិចារណា ឲ្យបានខ្លាំងឡើងវិញ។ សិស្សានុសិស្សទាំងអស់ត្រូវសិក្សាយល់ឲ្យបានច្បាស់ លើសារៈសំខាន់នៃតុល្យាភាពនៃសិទ្ធិអំណាច និងការបែងចែកអំណាច ឯករាជ្យភាពនៃប្រព័ន្ធតុលាការ សិទ្ធិសេរីភាពរបស់សារព័ត៌មាន និងផលគ្រោះថ្នាក់នៃជាតិនិយមខ្លាំង ការដឹកនាំនយោបាយតាមលិទ្ធិសាសនា។
មុននឹងដំណាក់កាលនេះអាចជឿនទៅដល់ រដ្ឋាភិបាលគួរតែបញ្ឈប់ការបង្ក្រាបលើប្រជាជនតួកគីខ្លួនឯងទៀតទៅ និងរកដំណោះស្រាយលើសិទ្ធិសេរីភាព របស់បុគ្គលដែលលោក អឺដូហ្គាន់ បានបំពានទៅលើ។ «ខ្ញុំប្រហែលជាមិនអាចរស់រហូតបានឃើញប្រទេសតួកគីក្លាយជាប្រទេស ដែលជាគំរូនៃរបបលទ្ធិប្រជាធិបតេយ្យនោះទេ ក៏ប៉ុន្តែខ្ញុំសូមបួងសួងថា នឹងមានចំណាត់ការមួយកើតឡើង មុនពេលស្ថានការណ៍ នៃប្រទេសនេះចុះដុនដាបហួសពេលឲ្យស្តារបាន។ នេះជាការព្រមានចុងក្រោយរបស់លោក Gulen៕