(សេអ៊ូល)៖ មិនខុសពីប្រធានាធិបតីកូរ៉េខាងត្បូងមុនៗ លោក មូន ជេអ៊ីន នៅថ្ងៃពុធនេះបានចាត់ទុកថា ការបាញ់សាកល្បងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខពិភពលោក ដែលមិនគួរអត់ឱនឱ្យជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់លោក មូន ធ្វើឡើងនៅក្នុងឱកាសបំពេញដំណើរទស្សនកិច្ច ទៅកាន់ក្រសួងការពារជាតិ ក្នុងទីក្រុងសេអ៊ូល។ ថ្លែងនាឱកាសនោះដែរ ប្រធានាធិបតីកូរ៉េខាងត្បូងថ្មីរូបនេះបានគូសបញ្ជាក់ដូច្នេះថា «កូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលកាលពី ០៤ថ្ងៃមុន និងថែមទំាងអះអាងថា ការធ្វើតេស្ដមីស៊ីលរយៈចំងាយមធ្យមនេះ ទទួលបានជោគជ័យទៀតផង ... ការ បាញ់សាកល្បងនេះ ជាទង្វើរំលោភលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN ព្រមទំាងបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ សន្តិភាព ស្ថេរភាព និងសន្តិសុខពិភពលោក ហើយទង្វើបែបនេះ មិនគួរត្រូវបានអត់ឱនឱ្យជាដាច់ខាត»។
គួររំលឹកថា បើទោះជាដឹងថាមិនអាចទៅរួច លោក មូន ជេអ៊ីន នៅតែសន្យាថា លោកនឹងស្វែងរកកិច្ចចរចាជាមួយកូរ៉េខាងជើង ដើម្បីឈានដល់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។ ប៉ុន្តែប្រឈមមុខនឹងការរីកចំរើនទៅមុខនៃកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង លោក មូន អះអាងថា លោកនឹងបង្កើកញ្ចប់ថវិកាជាតិរហូតដល់ទៅ៣ភាគរយ ក៏ដូចជាធ្វើ ទំនើបកម្មប្រព័ន្ធសព្វាវុធកូរ៉េខាងត្បូងថែមទៀត៕