(អាមេរិក)៖ នាពេលថ្មីៗនេះ អង្គការ NASA បានធ្វើសេចក្តីប្រកាសអំពីគម្រោងសាងសង់ ស្ថានីយ៍អវកាសធ្វើដំណើរជុំវិញគន្លងនៃ ឋានព្រះច័ន្ទ ដើម្បីជួយដល់ការបញ្ជូនក្រុមអវកាសយានិកទៅកាន់ភពអង្គារ (Mars) ក៏ប៉ុន្តែអ្នកវិទ្យាសាស្រ្តមួយរូបនៅក្នុងចំណោមក្រុមការងារ ដែលបានរចនាផែនការរបស់ទីភ្នាក់ងារអវកាសអាមេរិក ដើម្បីបញ្ជូនមនុស្សទៅកាន់ភពក្រហមនោះ យល់ឃើញថា វាគឺជាគំនិតមិនល្អឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Daily Caller នៅរសៀលថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៧។
លោក Robert Zubrin ដែលជាអ្នកជួយបង្កើតគម្រោងសម្រាប់ បេសកកម្មបញ្ជូនមនុស្សទៅកាន់ភពអង្គាររបស់ NASA បានថ្លែងថា «ពុំមាននរណាម្នាក់ត្រូវការស្ថានីយ៍អវកាស ដែលគោចរជុំវិញព្រះច័ន្ទឡើយ ទោះបីជាក្នុងគោលបំណងអ្វីក៏ដោយ។ យើងមិនត្រូវការវា ដើម្បីតែធ្វើដំណើរទៅកាន់ទៅទីនោះ, ទៅកាន់ភពអង្គារ, ឬមួយក៏ទៅកាន់អាចម៍ផ្កាយធំៗណាមួយនោះទេ។ និយាយរួមវាគឺជារឿងខាតបង់ មិនផ្តល់សារៈប្រយោជន៍អ្វីទាំងអស់»។
ទីភ្នាក់ងារអវកាស NASA គ្រោងនឹងប្រើប្រាស់ស្ថានីយ៍អវកាសខាងលើនេះ ដើម្បីបញ្ជូនបេសកកម្មមួយទៅកាន់ភពអង្គារ នៅក្នុងឆ្នាំ២០៣៣។ NASA ចង់ចេញបេសកកម្មបញ្ជូនមនុស្សចំនួនបួនលើក នៅចន្លោះឆ្នាំ២០១៨ និង២០១៦ ទៅកាន់ទីអវកាសជុំវិញឋានព្រះច័ន្ទ ដើម្បីកសាងស្ថានីយ៍ជាច្រកផ្លូវមួយ។ យ៉ាងណាមិញយោងតាមលោក Zubrin ស្ថានីយ៍នោះនឹងស្ទើរតែឥតប្រយោជន៍ទាំងស្រុង និងមានតម្លៃថ្លៃហួសប្រមាណ។
គួរបញ្ជាក់ដែរថា គម្រោងបច្ចុប្បន្នស្តីពីការបញ្ជូនក្រុមអវកាសយានិកទៅកាន់ភពអង្គារ ត្រូវបានគេព្យាករណ៍ថា នឹងត្រូវការការចំណាយប្រហែល ៣៥ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៥ ដើម្បីទៅដល់ភពក្រហមមួយនេះនៅឆ្នាំ២០៣៣៕