(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃពុធនេះ បានលើកហេតុផលការពារ ការធ្វើតេស្តបាញ់មីស៊ីលផ្លោងរបស់ខ្លួននាពេលថ្មីៗនេះថា គ្រាន់តែជាការអនុវត្តន៍ធម្មតាៗ ដើម្បីបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែរ សម្រាប់ស្វ័យការពារប៉ុណ្ណោះ ហើយបានទាត់ចោលសេចក្តីថ្លែងការណ៍ថ្កោលទោសរបស់ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៧។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានថ្លែងថា «ការធ្វើតេស្តបាញ់ដោយជោគជ័យ នូវគ្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម Hwasong-12 នឹងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ធានារក្សាសន្តិភាព ក៏ដូចជាស្ថិរភាពនៅក្នុងតំបន់ឧបទ្វីបកូរ៉េទាំងមូល ហើយវាគឺជាជោគជ័យដ៏អស្ចារ្យបំផុត សម្រាប់ប្រជាជាតិកូរ៉េ»។
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ទីក្រុងព្យុងយ៉ាង ក៏កំពុងតែបង្កើនសកម្មភាពការទូត ដើម្បីស្វែងរកការជួយជ្រោមជ្រែងគាំទ្រ ព្រមទាំងការយោគយល់ពីសំណាក់បណ្តាប្រទេសនានា ជុំវិញការធ្វើតេស្តមីស៊ីលរបស់ខ្លួនផងដែរ ដោយក្រសួងការបរទេសកូរ៉េខាងជើង នាថ្ងៃចន្ទដើមសប្តាហ៍នេះ បានធ្វើសេចក្តីថ្លែងការណ៍ដល់ក្រុមបេសកជនការទូតអាស៊ាន ស្តីពីស្ថានការណ៍បច្ចុប្បន្ននៅឧបទ្វីបកូរ៉េ។
ក្រុមមន្រ្តីកូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានដាក់សម្ពាធដោយបើកចំហទៅលើប្រទេសដទៃៗ ឲ្យការផ្តាច់ ឬកាត់បន្ថយកម្រិតចំណងការទូតជាមួយរបបដឹកនាំទីក្រុងព្យុងយ៉ាង តាមរយៈប្រើប្រាស់សេចក្តីសម្រេចដាក់ទណ្ឌកម្ម ប្រឆាំងនឹងកូរ៉េខាងជើង។ ការលើកឡើងបែបនេះគឺពួកគេចង់សំដៅលើជំនួបនាពេលថ្មីៗនេះ រវាងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Rex Tillerson និងក្រុមមន្រ្តីការបរទេសអាស៊ាន នៅឯទីក្រុងវ៉ាស៊ីនតោន។
គួរបញ្ជាក់ថា ជុំវិញការធ្វើតេស្តមីស៊ីលផ្លោងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ទាំងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងប្រមុខដឹកនាំ UN បានធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពបង្កហេតុ មិនចេះចប់របស់រដ្ឋកុម្មុយនិស្តមួយនេះ៕