(មីយ៉ាន់ម៉ា)៖ បន្ទាប់ពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់ លោកស្រី អោងសាន ស៊ូជី ឈ្នះនៅក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០១៥ មនុស្សគ្រប់គ្នាសុទ្ធតែគិតថា ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព និងជានិមិត្តរូបនៃលទ្ធិប្រជាធិបតេយ្យរូបនេះ អាចនឹងដោះស្រាយបញ្ហាជាច្រើន ដូចជាការធ្វើកំណែទម្រង់ច្បាប់មួយចំនួន ក៏ដូចជាដោះស្រាយការធ្វើទុក្ខបុកម្នេញ លើជនជាតិដើមភាគតិចរ៉ូហីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ក៏ប៉ុន្តែ មកទល់ពេលនេះ កិច្ចការទំាងឡាយនោះមិនទាន់លេចចេញផ្លែផ្កា ជាដុំកុំភួននៅឡើយទេ ប៉ុន្តែផ្ទុយទៅវិញបែរជាលេចលឺព័ត៌មានថា លោកស្រី ស៊ូជី ជាមនុស្សដែលដឹកនាំបក្សខ្លួនឯងតាមរបៀបផ្ដាច់ការទៅវិញ។ នេះបើតាមសារព័ត៌មាន Al jazeera ធ្វើការចុះផ្សាយ។
Al jazeera ផ្អែកលើប្រភពមិនបញ្ចេញឈ្មោះ ដែលខ្លួនទទួលបានបានអះអាងយ៉ាងដូច្នេះថា «គាត់ (លោកស្រី អ៊ុងសាន ស៊ូជី) ដឹកនាំគណបក្សរបស់ខ្លួនដូចជនផ្ដាច់ការ។ គាត់មិនដែលស្ដាប់ ឬក៏ទទួលយោបល់អ្នកដទៃនោះឡើយ ហើយគាត់តែងតែចាត់ទុកពួកយើងថា ជាក្មេងសិស្សសាលា ដូច្នេះយើងមិនហ៊ានសួរសំណួរគាត់ ដូចជាមនុស្សចាស់ទុំម្នាក់នោះឡើយ»។ ជាងនេះទៅទៀត នៅក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលមីយ៉ាន់ម៉ា របស់អតីតប្រធានាធិបតីលោក ថេន សេន ប្រជាជនមីយ៉ាន់ម៉ាមានអារម្មណ៍ថា ពួកគេត្រូវបានគេធ្វើតេស្ដអំពីព្រំដែននៃសេរីភាពបញ្ចេញមតិ ជាពិសេសនៅលើបណ្ដាញ Facebook តែម្ដង។
ក៏ប៉ុន្តែនៅក្រោមរដ្ឋាភិបាលរបស់លោកស្រី អោងសាន ស៊ូជី ច្បាប់ទូរគមនាគមន៍មីយ៉ាន់ម៉ា បែរជាអនុញ្ញាតឱ្យមានការប្ដឹងផ្ដល់ចំពោះ បទបរិហាក្កេរ៍ នៅលើបណ្ដាញ Internet ពោលគឺតាមរយៈច្បាប់នេះ ចៅក្រមបានប្រើប្រាស់វាដើម្បីបំបិទមាត់អ្នករិះគន់លោកស្រី ស៊ូជី គណបក្សរបស់លោកស្រី និងយោធាដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។
គួរបញ្ជាក់ថា បើតាមប្រភពខាងលើ បើទោះជាគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រី អោងសាន ស៊ូជី ដឹកនាំរដ្ឋាភិបាល និងមានសំឡេងគ្រប់គ្រាន់ក្នុងការធ្វើកំណែទម្រង់លើច្បាប់ចាំបាច់មួយចំនួនក៏ដោយ តែគណបក្សមួយនេះ នៅតែស្ទាក់ស្ទើរធ្វើដូច្នោះដដែល ខណៈលោកស្រី ស៊ូជី ខ្លួនឯងផ្ទាល់ កំពុងប្រឈមមុខនឹងការរិះគន់ពីសំណាក់ក្រុមអង្គការសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញ លើជនជាតិដើមភាគតិចមូស្លីមរ៉ូហីងយ៉ា៕