(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិកបានឱ្យដឹងថា ក្រុមហ៊ុនផលិតបរិក្ខាយោធាអាមេរិក Lockheed Martin ទទួលបានប្រាក់ ៨.៥លានដុល្លារ ក្រោមកិច្ចសន្យាលើកម្មវិធីអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងមីស៊ីល Tomahawk សម្រាប់កងទ័ពជើងទឹកអាមេរិក និងអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួន ក្រសួងការពារជាតិអាមេរិកនៅថ្ងៃអង្គារសប្តាហ៍នេះបានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុន Lockheed Martin ទទួលបានប្រាក់ ៨.៥លានដុល្លារ... ដើម្បីប្រើប្រាស់ក្នុងការគ្រប់គ្រង និងថែរក្សាក៏ដូចជាអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងមីស៊ីល Tomahawk»។
គួរបញ្ជាក់ថា បើតាមសេចក្ដីប្រកាសព័ត៌មាននេះដដែល ផ្អែកលើកិច្ចសន្យាខាងលើ ក្រុមហ៊ុន Lockheed Martin ក៏នឹងផ្ដល់ការផ្គត់ផ្អង់ផងដែរនូវប្រព័ន្ធ និងកម្មវិធីឯកសារដល់កងទ័ពជើងទឹកអាមេរិក និងរដ្ឋាភិបាលអង់គ្លេស។ Tomahawk ជាគ្រាប់មីស៊ីលកម្លាំងខ្លាំងមួយ ដែលត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារលើប្រទេសស៊ីរី ដោយកាលណោះអាមេរិក បានបាញ់អស់ ៥៩គ្រាប់៕