(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងនាពេលថ្មីៗនេះថា រូបលោកនឹងជំរុញឲ្យមានការរួមបញ្ចូលប្រទេសតួកគី និងម៉ុងហ្គោលី ទៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងបានទាត់ចោលក្តីព្រួយបារម្ភអំពីទីតាំងភូមិសាស្រ្ត នៃប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៧។
លោក ឌូតឺតេ ដែលមានហ្វីលីពីនជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន នាឆ្នាំ២០១៧នេះបានថ្លែងថា មេដឹកនាំម៉ុងហ្គោលី និងតួកគីបានប្រាប់លោកអំពីក្តីបំណងរៀងខ្លួន ក្នុងការចូលរួមជាសមាជិកអាស៊ាន ខណៈពេលដែលមេដឹកនាំទាំងបីរូបមានវត្តមាន នៅក្នុងប្រទេសចិនកាលអំឡុងចុងសប្តាហ៍មុននេះ ដើម្បីចូលរួមកិច្ចប្រជុំស្តីពី គម្រោងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មសកល ខ្សែក្រវាត់ និងផ្លូវ។
លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងប្រទេសរបស់លោកយ៉ាងដូច្នេះថា «ពួកគេ (ម៉ុងហ្គោលី-តួកគី) ចង់ចូលជាសមាជិកអាស៊ាន ហើយដោយសារតែឥឡូវនេះខ្ញុំក៏ដូចជាហ្វីលីពីន គឺជាប្រធាន ពួកគេមានចេតនាចង់ឲ្យខ្ញុំផ្តល់ការគាំទ្រ ចំពោះការចូលរួមរបស់ពួកគេ... ខ្ញុំក៏បានឆ្លើយយល់ព្រម»។
ជុំវិញទីតាំងភូមិសាស្រ្តនៃប្រទេសទាំងពីរ តួកគីស្ថិតនៅចន្លោះទ្វីបអឺរ៉ុប និងអាស៊ីហើយការដាក់ពាក្យចូលជាសមាជិកភាព នៃសហភាពអឺរ៉ុបរបស់ប្រទេសមួយនេះ ត្រូវបានអូសបន្លាយក៏ដូចជាជួបភាពរាំងស្ទះ អស់រយៈពេលជាច្រើនឆ្នាំ។ រីឯទីតាំងរបស់ម៉ុងហ្គោលីវិញ ត្រូវព័ទ្ធជុំវិញដោយរុស្ស៊ី និងចិន។ យ៉ាងណាមិញលោក ឌូតឺតេ បានទទូចថា ប្រទេសទាំងពីរស្ថិតក្នុងផ្នែកនៃតំបន់អាស៊ី។
ដោយឡែកពាក់ព័ន្ធនឹងសម្តីរបស់លោកប្រធានាធិបតីហ្វីលីពីន លេខាធិការដ្ឋានអាស៊ានបានឲ្យដឹងថា តួកគី និងម៉ុងហ្គោលមិនធ្លាប់ដែលបានដាក់ពាក្យស្នើសុំសមាជិកភាព នៃប្រជាជាតិតំបន់អាស៊ីអាគ្នេយ៍នោះឡើយ។ លោក Lee Yoong Yoong នាយកកិច្ចការសហគមន៍នៃលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី បានឲ្យដឹងតាមរយៈសារអ៊ីម៉ែលថា «បញ្ហានេះមិនដែលត្រូវបានលើកឡើង មកពិភាក្សានៅអាស៊ានឡើយ»។
គួរបញ្ជាក់ថា ទីតាំងភូមិសាស្រ្តគឺជាលក្ខណៈវិនិច្ឆ័យដំបូងគេបំផុត សម្រាប់សមាជិកភាពអាស៊ាន រួមជាមួយនិងការទទួលស្គាល់ ពីសំណាក់សមាជិកទាំងអស់ ខណៈដែលគ្រប់គ្នាដឹងថា សមាជិកអាស៊ានទាំង១០ គឺសុទ្ធសឹងតែជាប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយក្នុងនោះប្រទេស ទីម័រខាងកើត ក៏កំពុងប្រឹងប្រែងខ្លាំងបំផុតដែរ ដើម្បីអភិវឌ្ឍន៍ខ្លួនរហូតអាចក្លាយជាសមាជិកអាស៊ានទី១១ នៅថ្ងៃអនាគត៕