(សេអ៊ូល)៖ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង នៅថ្ងៃពុធនេះបាននិយាយថា ខ្សែទូរស័ព្ទក្រហមអន្តរកូរ៉េ គួរតែត្រូវបើកឡើងវិញ បន្ទាប់ពីត្រូវបានកាត់ផ្ដាច់កាលដើមឆ្នាំ២០១៦ ក្រោយកូរ៉េខាងជើងបំផ្ទុះសាកល្បងអាវុធនុយក្លេអ៊ែរជាលើកទី០៦ និងមីស៊ីលផ្លោងជាបន្តបន្ទាប់។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់នៅព្រឹកថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៧។
កាលពីខែកុម្ភៈ ឆ្នាំ២០១៦ កូរ៉េខាងជើងបានសម្រេចចិត្ត កាត់ផ្ដាច់ខ្សែទូរស័ព្ទក្រហម នៅឯភូមិ Panmunjom ជាមួយកូរ៉េខាងត្បូង ដោយសារតែទីក្រុងសេអ៊ូល បិទសួនឧស្សាហកម្មកែសង ដែលតែងតែផ្ដល់ការងារដល់កម្មករកូរ៉េខាងជើងរាប់ពាន់នាក់។ ការបិទសួនឧស្សាហកម្មនេះទៀតសោត ធ្វើឡើង ដើម្បីជាការឆ្លើយតបទៅនឹង ការធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ ពីសំណាក់ទីក្រុងព្យុងយ៉ាង។
ទោះបីជាយ៉ាងនេះក្ដី ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក Lee Duk-haeng បានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងថ្មីយល់ថា ខ្សែទូរស័ព្ទក្រហមអន្តរកូរ៉េ គួរតែត្រូវបានបើកឡើងវិញ ខណៈក្រសួងបាននិងកំពុងត្រួតពិនិត្យលើមធ្យោបាយ ដើម្បីភ្ជាប់ខ្សែទូរស័ព្ទទំនាក់ទំនងនេះ។
គួរបញ្ជាក់ថា គ្រាន់តែបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងភ្លាម លោក មូន ជេអ៊ីន (Moon Jae In) បានសន្យាថា លោក នឹងស្វែងរកកិច្ចចរចាជាមួយកូរ៉េខាងជើង សំដៅលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ហើយមិនតែប៉ុណ្ណោះ លោក មូន ថែមទំាងបានបង្ហាញពីចេតនាបំពេញទស្សនកិច្ចទៅ កាន់ទីក្រុងព្យុងយ៉ាងទៀតផង។
ក៏ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក ទីក្រុងព្យុងយ៉ាងបែរជាបាញ់សាកល្បងដោយជោគជ័យ នូវគ្រាប់មីស៊ីលផ្លោងជំនាន់ថ្មីដែល អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរទៅវិញ ហើយដែលនេះត្រូវបានក្រុមអ្នកជំនាញយល់ថា កូរ៉េខាងជើងកំពុងធ្វើតេស្ដប្រតិកម្មរបស់លោក មូន ជេអ៊ីន ព្រមទំាងចង់ប្រាប់ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ថា ខ្លួនគ្មានផ្លូវបោះបង់ចោលអាវុធនុយក្លេអ៊ែរនោះទេ ខណៈកងទ័ពអាមេរិក និងប្រព័ន្ធខែលការពារ មីស៊ីល THAAD មានវត្តមាននៅលើទឹកដីកូរ៉េខាងត្បូង៕