(ម៉ានីល)៖ គណៈកម្មការទទួលបន្ទុកការតែងតាំង (CA) នៃព្រឹទ្ធសភាហ្វីលីពីន ទីបំផុតនៅថ្ងៃពុធនេះបានអនុម័តទទួលស្គាល់ការជ្រើសតាំងព្រឹទ្ធសមាជិក លោក Alan Peter Cayetano ធ្វើជារដ្ឋមន្រ្តីការបរទេសថ្មី នៃប្រទេសហ្វីលីពីន តបតាមការណែនាំរបស់ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៧។
ការសម្រេចទទួលស្គាល់យ៉ាងឆាប់រហ័ស របស់គណៈកម្មការដ៏មានឥទ្ធិពលបំផុតមួយនេះ ត្រូវបានធ្វើឡើងមួយសប្តាហ៍បន្ទាប់ពី លោក Cayetano ត្រូវបានជ្រើសរើសជាផ្លូវការដោយប្រធានធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលបានធ្វើសេចក្តីប្រកាសអំពីការតែងតាំង លោក Cayetano កាលពីថ្ងៃទី១០ ខែឧសភានេះ។
គួរបញ្ជាក់ថា លោក Alan Peter Cayetano នឹងត្រូវជំនួសតំណែង លោក Perfecto Yasay ដែលត្រូវបាន CA បដិសេធចោលការតែងតាំង កាលពីខែមីនាកន្លងទៅ ដោយសារតែប្រាសចាកពាក្យស្បថ និងលួចបិទបាំងរឿងសញ្ជាតិអាមេរិក កាលពីឆ្នាំ១៩៨៦។ រយៈពេលប្រមាណជាពីរខែកន្លងមកនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន លោក Enrique Manalo បានកាន់មុខតំណែងជំនួស លោក Yasay ជាបណ្តោះអាសន្ន៕