(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានសម្រេចចិត្តដាក់ទណ្ឌកម្មលើបុគ្គល ០៥រូប និងអង្គភាពចំនួន០៥ ដែលមានជាប់ពាក់ព័ន្ធនឹងការផ្ដល់ការគាំទ្រដល់រដ្ឋាភិបាលស៊ីរី របស់លោកប្រធានាធិបតី បាស្សា អាល់ អាស្សាដ ក្រោយការបាញ់ស្រោចមីស៊ីល ៥៩គ្រាប់លើទឹកដីស៊ីរី។ នេះបើតាមក្រសួងរតនាគារជាតិអាមេរិក ដកស្រង់ដោយសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៧។
ក្រសួងរតនាគារជាតិអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះបានឱ្យដឹងថា នៅក្នុងចំណោមបុគ្គលជាប់ទណ្ឌកម្ម ក៏មានសាច់ញាតិ លោក Rami Makhluf ដែលជាបងប្អូនជីដូនមួយរបស់លោក អាស្សាដ និងជាអ្នកជំនួញដ៏មានឥទ្ធិពលម្នាក់ នៅក្នុងប្រទេសស៊ីរី។ មិនតែប៉ុណ្ណោះទីក្រុងវ៉ាស៊ីនតោន ក៏បានដាក់ ទណ្ឌកម្មផងដែរប្រឆាំងនឹង នាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងសិក្សាវិទ្យាសាស្ត្រស៊ីរី (SSRC) លោក Muhammed Bin-Muhammed Faris Quwaydir សម្រាប់ការទទួលខុសត្រូវលើការអភិវឌ្ឍ និងផ្ដល់អាវុធគីមីដល់រដ្ឋាភិបាលស៊ីរី។
គួរបញ្ជាក់ថា កាលពីខែមុន សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មបុគ្គលិក ២៧១នាក់ របស់ SSRC ជាការឆ្លើយតបទៅនឹងការចោទប្រកាន់ថា រដ្ឋាភិបាលស៊ីរីប្រើបា្រស់អាវុធគីមីសម្លាប់ជនស៊ីវិលស្លូតត្រង់ជាង ៨០នាក់ នៅក្នុងទីក្រុង Khan Sheikhoun នៃខេត្ត Idlib កាលពីថ្ងៃទី០៤ ខែមេសា៕