(សិង្ហបុរី)៖ ជើងហោះហើរសរុបចំនួន ៤០ ដែលត្រូវបានបិទដំណើរការជាបណ្ដោះអាសន្នកាលពីល្ងាចថ្ងៃអង្គារ បន្ទាប់ពីសេចក្ដីរាយការណ៍ថា មានអគ្គិភ័យឆាបឆេះនៅ ច្រកចូលទី២ នៃអាកាសយន្ដដ្ឋាន Changi Airport ឥឡូវនេះត្រូវបានបើកឲ្យដំណើរការឡើងវិញហើយ ក្រោយពីក្រុមត្រួតពិនិត្យ អះអាងពីសុវត្ថិភាពរួចរាល់។ នេះបើតាមការអះអាងពីអ្នកគ្រប់គ្រងអាកាសយានដ្ឋាន ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៧។
យោងតាមអ្នកគ្រប់គ្រងអាកាសយានដ្ឋាន Changi Airport ច្រកទី០២នៃអាកាសយានដ្ឋាន ត្រូវបានភ្លើងឆាបឆេះនៅម៉ោងប្រមាណ ១០៖០០នាទីយប់ ដោយបានបង្ខំឱ្យជើងហោះហើរចំនួន ៤០ ត្រូវបិទដំណើរការជាបណ្តោះអាសន្ន ខណៈមូលហេតុបង្កឱ្យមានអគ្គីភ័យនេះកើតឡើង កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ រីឯខាងអាកាសយានដ្ឋាន Changi Airport ក៏បានសន្យាចូលរួមនៅក្នុងការស៊ើបអង្កេត ជាមួយអាជ្ញាធរសិង្ហបុរីផងដែរ។
គួរបញ្ជាក់ថា នៅលើ Facebook របស់ខ្លួន អាកាសយានដ្ឋាន Changi Airport បានឱ្យដឹងថា ប្រតិបត្តិការទំាងឡាយ បានដំណើរការជាធម្មតានៅម៉ោង ៣៖០០នាទីទៀបភ្លឺ ហើយជើងហោះហើរ ចាកចេញពីច្រកទី០២ បានដំណើរឡើងវិញនៅម៉ោង ៥៖៤០នាទីព្រឹកព្រហាមថ្ងៃពុធនេះ (ម៉ោងនៅក្នុងប្រទេសសិង្ហបុរី)៕