(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា កម្មវិធីមីស៊ីលផ្លោងរបស់កូរ៉េខាងជើង កំពុងតែវិវឌ្ឍន៍ទៅមុខយ៉ាងឆាប់រហ័សជាងគេរំពឹងទុក ស្របពេលដែលការធ្វើតេស្តមីស៊ីលនាពេលថ្មីៗនេះ ត្រូវចាប់សញ្ញាបានដោយប្រព័ន្ធខែលការពារមីស៊ីល THAAD របស់សហរដ្ឋអាមេរិក ដែលត្រូវបានដាក់ពង្រាយនៅក្នុងទឹកដីកូរ៉េខាងត្បូង កាលពីខែមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៧។
រដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Han Min-koo បានលើកឡើងថា ការធ្វើតេស្តកាលពីថ្ងៃអាទិត្យកន្លងទៅនេះ គឺជាការទទួលបានជោគជ័យមួយនៅក្នុងការហោះហើរ ដោយវាគឺជាប្រភេទមីស៊ីលផ្លោងរយៈចម្ងាយមធ្យម IRBM ដែលត្រូវបានតំឡើងសមត្ថភាព និងរចនាឡើង ដើម្បីអាចហោះបានរយៈចម្ងាយចន្លោះពី ៣,០០០ ទៅ ៤,០០០គីឡូម៉ែត្រឯណោះ។
ទន្ទឹមនឹងនេះនៅពេលត្រូវបានចោទសួរ នៅឯសភាកូរ៉េខាងត្បូងថា តើកម្មវិធីមីស៊ីលផ្លោងរបស់កូរ៉េខាងជើង កំពុងមានការរីកចម្រើនទៅមុខខ្លាំងហួសពីការរំពឹងទុកដែរ ឬយ៉ាងណានោះ លោក Han បានឆ្លើយតបថា «ប្រាកដណាស់»។ ម៉្យាងវិញទៀតលោករដ្ឋមន្រ្តីការពារជាតិក៏បានឲ្យដឹងដែរថា ប្រព័ន្ធការពារមីស៊ីល THAAD ចាប់បានសញ្ញារបស់មីស៊ីលនោះ ដែលវាគឺជាលើកទីមួយហើយដែលវាត្រូវបានប្រើប្រាស់ ចាប់តាំងតាំងពីការដាក់ពង្រាយ កាលពីខែមេសាកន្លងទៅ។
ចំណែកឯទីក្រុងព្យុងយ៉ាងវិញបានអះអាងថា ការធ្វើតេស្តនាថ្ងៃអាទិត្យកន្លងទៅនេះ គឺជាការធ្វើស្ទាបស្ទង់សមត្ថភាពមីស៊ីលផ្លោង ក្នុងការបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានទម្ងន់ធ្ងន់ និងទំហំធំនាពេលអនាគត ហើយឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងប៉េកាំងបានថ្លែងនាថ្ងៃចន្ទដើមសប្តាហ៍នេះថា ប្រទេសរបស់លោកនឹងបន្តធ្វើការសាកល្បងបែបនេះ នៅគ្រប់ទីកន្លែង និងពេលវេលាទាំងអស់៕