(ការ៉ាកាស)៖ ចំនួនអ្នកស្លាប់នៅក្នុងបាតុកម្មតវ៉ាដ៏ហិង្សា ប្រឆាំងរដ្ឋាភិបាលវេណេស៊ុយអេឡា អស់រយៈពេលជាង០៦សប្ដាហ៍មកនេះ បានកើនឡើងដល់ ៤២នាក់ហើយ ខណៈមនុស្ស ៩០នាក់ បន្ថែមទៀតត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើតាមការិយាល័យរដ្ឋអាជ្ញាវេណេស៊ុយអេឡា ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៧។
ការិយាល័យរដ្ឋអាជ្ញាវេណេស៊ុយអេឡាបានឱ្យដឹងថា ប៉ូលិសម្នាក់ត្រូវបានចាប់ខ្លួន ពីបទសង្ស័យថា បានបាញ់សម្លាប់អ្នកបើកបររថយន្ដតាក់ស៊ីម្នាក់អាយុ ៣៣ឆ្នាំ នៅក្នុងរដ្ឋ Tachira ។ រីឯមនុស្សម្នាក់ទៀតអាយុ ១៧ឆ្នាំ ក៏បានស្លាប់ដោយសារតែត្រូវនឹងគ្រាប់កាំភ្លើងផងដែរ ខណៈជនរងគ្រោះម្នាក់ផ្សេងទៀត បានស្លាប់នៅក្នុងបាតុកម្មតវ៉ា នៅឯទីក្រុង San Antonio។
គួរបញ្ជាក់ថា ប្រជាជនវេណេស៊ុយអេឡារាប់ពាន់នាក់ បាននាំគ្នាចុះតាមដងផ្លូវធ្វើបាតុកម្មតវ៉ាជាថ្មី កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ដើម្បីតវ៉ាជំទាស់នឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដែលពួកគេចោទថា បានបណ្ដោយឱ្យប្រទេសធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ម្ហូបអាហារឡើងថ្លៃគ្រប់មុខ ហើយជាងនេះទៅទៀត ពួកគេក៏បានអំពាវនាវផងដែរ ឱ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្ស និងអ្នកនយោបាយ។ ក៏ប៉ុន្តែលោក ម៉ាឌូរ៉ូ បានទម្លាក់ការទទួលខុសត្រូវលើក្រុមគណបក្សប្រឆាំង ដែលជាអ្នកបង្កឲ្យមានវិបត្តិដូចពេលបច្ចុប្បន្ន ក៏ដូចជាការស្លាប់របស់ក្រុមបាតុករ ដែលលោកចាត់ទុកថា មានចេតនាទម្លាក់លោកពីតំណែង ដោយមានការគាំទ្រពីគណបក្សប្រឆាំង មានសហរដ្ឋអាមេរិកជាខ្នងបង្អែក៕