(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះ បានការពារការសម្រេចចិត្តរបស់លោក ក្នុងការចែករំលែក ព័ត៌មាន សម្ងាត់ជាតិជាមួយមន្ត្រីជាន់ខ្ពស់រុស្ស៊ី នៅអំឡុងជំនួបមួយនៅឯសេតវិមានកាលពីថ្ងៃពុធ សប្ដាហ៍មុន ដោយថែមទំាងនិយាយ ទៀតថាលោកមាន សិទ្ធិផ្ដាច់មុខចែករំលែកព័ត៌មានទាក់ទិននឹងភេរវកម្ម និងសុវត្ថិភាពជើងហោះហើរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់ពីកាសែត Washingston Post បានរាយការណ៍ថា ប្រធានាធិបតី អាមេរិករូបនេះ បានបង្ហើបប្រាប់ដល់ប្រមុខការទូតរុស្ស៊ី លោក Sergei Lavrov និងអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Sergei Kislyak នូវព័ត៌មានសម្ងាត់ ជាតិពាក់ព័ន្ធនឹងក្រុម ISIS ព្រមទំាងព័ត៌មានមួយចំនួន ដែលធ្លាប់បានទំនាក់ទំនងតែជាមួយសម្ព័ន្ធមិត្ត អាមេរិក តែប៉ុណ្ណោះ។ លោក ត្រាំបានសរសេរ នៅលើ Twitter ដូច្នេះថា៖ «ក្នុងនាមជាប្រធានាធិបតីអាមេរិក ខ្ញុំចង់ចែករំលែកព័ត៌មាន ជាមួយរុស្ស៊ី ព្រោះខ្ញុំមានសិទ្ធិផ្ដាច់មុខ រាល់បញ្ហាស្ដីពីភេរវកម្ម និងសន្តិសុខអាកាសចរណ៍ជាដើម។ ចំណែកសម្រាប់ហេតុផល មនុស្សធម៌ ខ្ញុំចង់ឱ្យរុស្ស៊ី ចូលរួមចំណែកយ៉ាងពេញទំហឹងប្រយុទ្ធប្រឆាំងនឹងក្រុម ISIS ក៏ដូចជាក្រុមភេរវករទំាងអស់»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ត្រាំ គឺផ្ទុយទំាងស្រុងជាមួយនឹងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក H.R. McMaster ដែលអះអាងថា សេចក្ដីរាយការណ៍ពីកាសែត Washington Post គឺជារឿងមិនពិត ហើយថាលោកត្រាំ មិនបានពិភាក្សាលើ ព័ត៌មាន សម្ងាត់ ឬក៏ប្រតិបត្តិការយោធា ជាមួយរុស្ស៊ីនោះទេ៕