(កៀវ)៖ អាជ្ញាធរអ៊ុយក្រែនបានសម្រេច បិទបណ្តាញទំនាក់ទំនងសង្គមដ៏មានប្រជាប្រិយភាពមួយចំនួន របស់ប្រទេសរុស្ស៊ី ស្របពេលដែលរដ្ឋាភិបាលទីក្រុងកៀវបានពង្រីកវិសាលភាពទណ្ឌកម្ម ប្រឆាំងទៅនឹងវិមានក្រឹមឡាំង ជុំវិញបញ្ហាវិបត្តិដ៏រ៉ាំរ៉ៃនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០១៧។
ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានចុះហត្ថលេខាលើអនុក្រឹត្យមួយ ស្តីពីការដាក់បំរាម ទៅលើការប្រើប្រាស់បណ្តាញសង្គមរួមមានទាំង VKontakte (VK) ដែលជារឿយៗត្រូវបានគេចាត់ទុកថា ជា Facebook របស់ប្រទេសរុស្ស៊ី និងមួយផ្សេងទៀតឈ្មោះថា Odnoklassniki (Classmates) ផងដែរ ដែលទាំងពីរនេះមានសុទ្ធតែមាន អ្នកប្រើប្រាស់រាប់លាននាក់នៅអ៊ុយក្រែន ហើយ VK ថែមទាំងបានតំឡើងប្រព័ន្ធ Server នៅប្រទេសអឺរ៉ុបខាងកើតមួយនេះថែមទៀតផង។ បំរាមនេះនឹងមានសុពលភាពរយៈពេលបីឆ្នាំ។
គួរបញ្ជាក់ថា អ៊ុយក្រែនបានធ្វើការពង្រីកបញ្ជីស្តីពីផលិតផលរុស្ស៊ី ដែលជាប់បំរាមក៏ដូចជាជនជាតិរុស្ស៊ី ដែលត្រូវបានហាមឃាត់ មិនឲ្យឈានជើងចូលក្នុងប្រទេសរបស់ខ្លួន ដោយសារតែសម្តែងការគាំទ្រចំពោះការដណ្តើមយកតំបន់គ្រីមៀ កាលពីខែមីនា ឆ្នាំ២០១៤ របស់ទីក្រុងម៉ូស្គូ ឬមួយក៏គាំទ្រដល់ការទាមទារឯករាជ្យនៃតំបន់អ៊ុយក្រែនខាងកើត៕